ថ្ងៃទី 20-11-2010 ម៉ោង 14:13:57
មណ្ឌល គីរី៖ រមណីយដ្ឋានធម្មជាតិទឹកជ្រោះប៊ូស្រានៅតែមានសម្រស់ទាក់ទាញ អារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្ដរជាតិមកកម្សាន្ដលេង ជារៀងរាល់ថ្ងៃ មិនថា ថ្ងៃឈប់សម្រាកឬថ្ងៃបុណ្យជាតិនោះឡើយ។
ជារៀងរាល់ថ្ងៃ ភ្ញៀវជាតិ និងអន្ដរជាតិបាននាំគ្នាជិះម៉ូតូ ខ្លះរថយន្ដជាលក្ខណៈគ្រួសារបានចេញដំណើរទៅលេងកម្សាន្ដ្ដនៅ រមណីយដ្ឋានធម្មជាតិ ដ៏ស្រស់ត្រកាល គឺទីកន្លែងទឹកធ្លាក់ប៊ូស្រា ទោះជាផ្លូវដែលត្រូវធ្វើដំណើរទៅនោះមានការលំបាកដោយរងការខូច ខាតស្ទើរទាំងស្រុងយ៉ាង ណាក៏ដោយក៏ពួកគាត់នូវតែមានទឹកចិត្ដចង់ទៅទីនោះដែលមាន ចម្ងាយផ្លូវ៣៦ គីឡូម៉ែត្រ ពីទីរួមខេត្ដមណ្ឌលគីរី។
ក្នុងការធ្វើដំណើរ ទៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រានោះត្រូវធ្វើដំណើរឆ្លងកាត់តាម ផ្លូវជាតិលេខ៧៦មានចម្ងាយ១៤គីឡូម៉ែត្ររួចកាត់ទៅកន្លែងកម្សាន្ដ្ដ គឺរមណីយដ្ឋានមានចំងាយ២២គីឡូម៉ែត្រទៀត ដែលស្ថិតនៅឃុំប៊ូស្រាស្រុកពេជ្រដា ខេត្ដមណ្ឌលគីរី។
ការធ្វើដំណើរពីទី រួមខេត្ដមានការពិបាកខ្លះៗ ព្រោះកំណាត់ផ្លូវមួយនេះ បានខូចខាតយ៉ាងធ្ងន់។ ការលំបាកនេះ គឺនៅពេលមានភ្លៀងធ្លាក់ម្ដងៗ គឺរអិលផុងជាប់បង្កឱ្យមានការលំបាកដល់ភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុក ដែលពួកគាត់ធ្វើដំណើរទៅលេងនៅទីកន្លែងកម្សាន្ដ្ដនោះ។
លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្ដបានឱ្យដឹងថា កន្លងមកភ្ញៀវទេសចរណ៍ជាតិនិងអន្ដរជាតិដែល មកលេងកម្សាន្ដ្ដនៅតាមរមណីយដ្ឋាន និងតំបន់ទេសចរណ៍នានាមានចំនួនជាង២០០នាក់ ក្នុង១ខែៗនៅក្នុងខែវិច្ឆិកានេះ លោកសង្ឃឹម និងជឿជាក់ថា ភ្ញៀវទេសចរដែលមកលេងកម្សាន្ដនៅខេត្ដមណ្ឌលគីរី និងកើតឡើងច្រើន ព្រោះដោយសាររដូវនេះមេឃឈប់ភ្លៀងហើយម្យ៉ាង ទៀតមានបុណ្យជាតិច្រើន ប្រជាពលរដ្ឋ និងមន្ដ្រីរាជការអាចឈប់សម្រាកពីការងារហើយនាំក្រុមគ្រួសារមក ដើរកម្សាន្ដ។
លោកបានបញ្ជាក់ បន្ថែមថា នៅខេត្ដមណ្ឌលគីរីកន្លែងកម្សាន្ដមិនមែនមានតែរមណីយដ្ឋានទឹក ជ្រោះប៊ូស្រានោះទេ នៅមានតំបន់ទេសចរណ៍ជាច្រើន កន្លែងទៀតដូចជា ទឹកធ្លាក់ក្បាលព្រះ ទឹកធ្លាក់ជ្រៃធំ ទឹកធ្លាក់មនោរម្យ (ដំណាក់ស្ដេច ) ទឹកធ្លាក់រមនា ភ្នំដោះក្រមុំ ភ្នំសមុទ្រឈើ ហើយសំបុត្រចូលកម្សាន្ដសម្រាប់ភ្ញៀវជាតិម្នាក់១ពាន់រៀល តែភ្ញៀវបរទេសក្នុងម្នាក់៥ពាន់រៀល រាល់ចំណូលថវិកាដែលបានមកនោះគឺសម្រាប់ឱ្យប្រាក់ខែកម្មករដូចជា ធ្វើអនាម័យកាប់ឆ្ការព្រៃតូចៗជម្រះស្មៅសន្ដិសុខយាមកាម។
ក្នុងនោះដែរលោក ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនក៏បានឱ្យដឹងដែរថា ផ្លូវទៅកាន់រមណីយដ្ឋានប៊ូស្រា និងចាប់ផ្ដើមជួសជុលនៅខែ៣ដើមឆ្នាំ២០១០ នេះហើយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវធ្វើដំណើរទៅមកបានស្រួល៕