Written by ភ្នំពេញដេលីញូវ | |
Thursday, 15 December 2011 23:28 | |
ធ្វើដំណើរតាមផ្លូវខាងលិចដងស្ទឹង សៀមរាប ពីស្ពានថ្មព្រះរាជដំណាក់ទៅ ជិតដល់អភិរក្សអង្គរមាន ស្ពានមួយ ឆ្លងទៅដល់មុខវត្តព្រះឥន្ទកោសីយ៍ ស្ថិតនៅ ក្នុងភូមិដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ត សៀមរាប ។ ប្រាសាទព្រះឥន្ទកោសីយ៍ គឺជាប្រាសាទ តូចមួយស្ថិតនៅខាងកើតព្រះវិហារវត្ត ។ ឈ្មោះរបស់ ប្រាសាទនេះ ជួនកាលឃើញគេសរសេរថា “ ព្រះឥន្ទកោសិយ” ដែលពាក្យ “កោសិយ” នៅក្នុងវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត មានន័យថា “ព្រះឥន្ទ” ប៉ុន្តែឈ្មោះដែលមានជាផ្លូវការសរសេរនៅ លើខ្លោងទ្វារវត្ត និង សាលាបឋមសិក្សាវិញនោះ គឺ “ព្រះឥន្ទកោសីយ៍” ។![]() ប្រាសាទព្រះឥន្ទកោសីយ៍សាងសង់ឡើងបែរមុខទៅទិសខាងកើត មានប្រាង្គ ពីរ ប្រាង្គតូចស្ថិតនៅខាងជើង និងប្រាង្គធំស្ថិតនៅខាងត្បូង ។ នៅពីលើផ្តែរ ប្រាង្គធំមានចម្លាក់អាទិទេពនៃសាសនាព្រាហ្មណ៍ គឺព្រះនារាយណ៍ ព្រះព្រហ្មនិងព្រះឥសូរ ព្រមទាំងចម្លាក់ស្តីពីការកូរសមុទ្រទឹកដោះ ។ ចំណែកឯចម្លាក់ នៅលើហោជាងដែលធ្វើ អំពីបាយអរបេះធ្លាក់ស្ទើរអស់មើលរូបមិនយល់ ។ នៅក្នុងប្រាង្គធំនេះពុំមានតម្កល់ទេវរូបអ្វីទេ ខុសពីប្រាង្គតូចដែល មានតម្កល់ព្រះពុទ្ធរូបជាច្រើនសណ្ឋានប្លែកៗពីគ្នា ។ គួរឱ្យចម្លែកដែរ ព្រោះថាជាទូទៅនៅ ប្រាសាទដទៃទៀត គេតម្កល់ទេវរូបសម្រាប់គោរពបូជានៅប្រាង្គធំ តែប្រាសាទ នេះបែរជាតម្កល់នៅប្រាង្គតូចទៅវិញ ។ ប្រាសាទព្រះឥន្ទកោសីយ៍ស្ថិតក្នុងរចនាបថបាខែង ប្រហែលជាកសាងឡើង ក្នុងរជ្ជកាលព្រះបាទហសវរ្ម័នទី ១ ( គ.ស. ៩០០-៩២២ ) ក្នុងកំលុងពេលជាមួយគ្នា នឹងប្រាសាទក្រវាន់ និង បក្សីចាំក្រុងដែរ ដើម្បីឧទ្ទិសដល់ព្រហ្មញសាសនា ។ ប្រាសាទទាំងបីនេះប្រហែលត្រូវបានជួសជុលកែលម្អឡើងវិញនៅក្នុងរជ្ជកាលរបស់ ព្រះបាទរាជេន្ទ្រវរ្ម័នទី ២ ( គ.ស. ៩៤៤-៩៦៨ ) និង ព្រះរាជបុត្រព្រះអង្គព្រះបាទ ជយវរ្ម័នទី ៥ ( គ.ស. ៩៦៨-១០០១ ) ពីព្រោះគេបានរកឃើញសិលាចារឹកនិយាយ អំពីមហាក្សត្រទាំងពីរអង្គនេះ ។ ![]() ព្រះរាជាដែលសោយរាជ្យបន្តពីព្រះបាទរាជេន្ទ្រវរ្ម័នទី ២ គឺព្រះរាជបុត្ររបស់ ព្រះអង្គព្រះបាទជយវរ្ម័នទី ៥ ដែលជាព្រះរាជាកែទម្រង់ និង ជាព្រះរាជាពូកែខាង ធ្វើសង្គ្រាម តែមានអធ្យាស្រ័យល្អ ។ សិលាចារឹកព្រះឥន្ទកោសីយ៍ បានតំណាលថា“ព្រះអង្គបានរៀបចំឱ្យមានសណ្តាប់ធ្នាប់ល្អក្នុងវណ្ណៈ ប្រៀបបីដូចជារៀបចំឡើង ដោយព្រះព្រហ្មផ្ទាល់ ។ ព្រះអង្គប្រកបទៅដោយទេពកោសល្យ និង មានព្រះហត្ថា កាន់កងចក្រ ។ នៅពេលទ្រង់ចេញដំណើរម្តងៗ សន្ធឹក ជើងកងទ័ពរបស់ព្រះអង្គធ្វើឱ្យកក្រើកផែនដី និង ព្រៃភ្នំទាំងឡាយ ប្រៀបបាននឹងមហាសាគរដែលត្រូវរញ្ជួយដោយព្យុះ ខ្យល់” ដូច្នោះដែរ ។ ព្រមពេលនោះ “សន្ធឹកស្គរលាយឡំជាមួយសំឡេងកងរំពងរបស់គងឃ្មោះធ្វើអំពីស្ពាន់ និង ត្រែ ខ្លុយ ស័ង្ខ... ធ្វើឱ្យពួកសត្រូវភ័យបាក់បបខ្លបខ្លាចជាខ្លាំង” ។ សិលា ចារឹកក៏បានលើកពីព្រះអង្គដែរថា ទ្រង់បានដុតបំផ្លាញ ប្រទេសទាំងឡាយណាដែលព្រះអង្គធ្វើសង្គ្រាមជាមួយដោយនិយាយ ថា “អណ្តាតភ្លើងនៃការបូជាដែលកើតឡើង ពីប្រតិបត្តិការរបស់ព្រះអង្គបង្កបានជាផ្សែងធំវែងប្រៀបបាននឹងទង់ជ័យ ចម្បាំង ធ្វើឱ្យសត្រូវភ័យខ្លាចហើយរត់គេច ចេញបាត់អស់បើទោះជាអង់អាចយ៉ាងណាក៏ដោយ” ។ ព្រះអង្គគួរឱ្យខ្លាចខ្លាំង ណាស់ នៅពេលដែលទ្រង់ខ្ញាល់ “កាលណាព្រះអង្គគ្រហឹម ដូចរាជសីហ៍ពេលមានកំហឹងព្រះរាជាសត្រូវទាំងឡាយរត់ គេចចូលព្រៃជ្រៅប្រៀបបាន នឹងសត្វឈ្លូសដ៏កំសាក ។ នៅ ពេលដែលព្រះអង្គលើកដាវដ៏មុតថ្លាប្រឡាក់ទៅដោយឈាម ដែលហូរចេញពីសិរ សាសត្រូវគេឃើញព្រះអង្គដូចជាព្រះនាង ជ័យជម្នះដ៏ស្រស់ស្អាត ដែលមានព្រហស្ត និង ព្រះបាទក្រហម ដោយ លម្អងផ្កា” ។ បច្ចុប្បន្នប្រាសាទព្រះឥន្ទកោសីយ៍ក្លាយទៅជាកន្លែង ទស្សនា និង ធ្វើការសិក្សាស្រាវជ្រាវផ្នែកសិលាចារឹក ៕ |

