»ខេត្តស្វាយរៀងស្ថិតនៅភាគអាគ្នេយ៍ នៃប្រទេសកម្ពុជា មានព្រំប្រទល់ជាប់ ព្រំដែនវៀតណាមយ៉ាងវែង និង មាន ច្រកព្រំប្រទល់ជាមួយរៀតណាម យ៉ាងច្រើន ប៉ុន្តែច្រកអន្តរជាតិដែលធំ ជាងគេគឺច្រកព្រំដែនអន្តរជាតិបាវិត ។ សព្វ ថ្ងៃបាវិតបានក្លាយទៅជាទីក្រុងដ៏ធំជាងគេបំផុតរវាងប្រទេសកម្ពុជា និង វៀតណាម ហើយដើម្បីទៅខេត្តស្វាយរៀង ត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ ១ ចម្ងាយប្រមាណ ១២២ គីឡូម៉ែត្រ ពីទីក្រុងភ្នំពេញ នឹងបានដល់ខេត្តស្វាយរៀង ។ ខេត្តស្វាយរៀងមានស្រុកទាំងអស់ចំនួន ៧ ស្រុក និង ក្រុងពីរ ឃុំទាំងអស់ចំនួន ៨០ និង ៦៩០ ភូមិ ។ ទោះបីខេត្តនេះពុំសូវសម្បូរប្រាសាទបុរាណច្រើនដូចខេត្តដទៃក្តី ក៏ខេត្តស្វាយរៀងនៅមានកន្លែងគួរទាក់ទាញ ភ្ញៀវទេសចរឱ្យមកទស្សនាខេត្តនេះយ៉ាងច្រើនដែរ ពិសេសគឺភ្ញៀវវៀតណាម ។ កន្លែងទាំងនោះរួមមាន ៖ ![]() * រមណីយដ្ឋានវប្បធម៌ និង ទេសចរណ៍ព្រៃបាសាក់ ធ្វើដំណើរតាមផ្លូវកៅស៊ូចេញពីទិសខាងត្បូងក្រុងស្វាយរៀងក្នុងចម្ងាយ ផ្លូវ ៦ គីឡូម៉ែត្រ និង បត់ទៅកើតតាម ផ្លូវលំប្រមាណ ២ គីឡូម៉ែត្រ ភ្ញៀវទេសចរ នឹងទៅដល់រមណីយដ្ឋានព្រៃបាសាក់ ដែលស្ថិតនៅឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ ព្រៃបាសាក់ជារមណីយដ្ឋានមួយដែលលេចធ្លោជាងគេរបស់ខេត្តស្វាយ រៀង ហើយកំពុងមានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីភ្ញៀវទេសចរ ហើយទីនេះ ក៏កំពុងតែទទួលបានការយកចិត្តទុកដាក់ និង កសាងសំណង់នានាបន្ថែមទៀត សម្រាប់ភ្ញៀវទេសចរ ព្រមទាំងមានកន្លែងអង្គុយលម្ហែកាយរបស់ភ្ញៀវទេសចរ និង មានសង់រូបបដិមាយ៉ាងធំ មួយអង្គទុកសម្រាប់គោរពសក្ការៈនៅទីនោះផងដែរ ។ ជារៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ឬ ថ្ងៃបុណ្យជាតិធំៗមានអ្នក ទេសចរជាច្រើននាក់បានធ្វើដំណើរទៅលេងរមណីយដ្ឋាននេះ ជាពិសេសគឺភ្ញៀវទេសចរវៀតណាម ។ រមណីយដ្ឋាន ព្រៃបាសាក់គឺជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រដែលស្ថិតនៅទី ទួល ហើយមានប្រាសាទបុរាណមួយ តែត្រូវបានបំផ្លាញស្ទើរទាំងស្រុងដោយ សារសង្គ្រាមក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដោយបន្សល់ ទុកតែថ្ម ប្រាសាទតិចតួចប៉ុណ្ណោះជាព័ស្តុតាងប្រវត្តិសាស្ត្រមួយនៅខេត្តស្វាយរៀង ។ ចំពោះភ្ញៀវទេសចរដែលនិយមទៅទស្សនាទីនោះសុទ្ធតែនិយាយដូចៗគ្នា ថា ការទៅទស្សនារមណីយដ្ឋាននេះ ព្រោះទីកន្លែងនេះស្ងាត់ល្អហើយខ្យល់ក៏ បរិសុទ្ធដែរ ។ រមណីយដ្ឋាននេះនៅជាប់នឹងមាត់ព្រែក និង មានព្រៃត្រជាក់ ត្រឈឹងត្រឈៃធ្វើឱ្យអារម្មណ៍យើងជ្រះថ្លាក្រៃលែង ។ ![]() * រមណីយដ្ឋានទួលព្រៃយាយដូន ស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត រមណីយដ្ឋានទួល ព្រៃយាយដូន គឺជារមណីយដ្ឋាន មួយដែលប្រជាពលរដ្ឋវៀតណាមនៅជាប់ព្រំដែន កម្ពុជា ហើយនិងជនជាតិចិន ជាពិសេសអ្នកខេត្តស្វាយរៀង និង អ្នកមកពីរាជធានីភ្នំពេញដែលមានជំនឿតែងតែនាំគ្នាទៅបួងសួងសុំសេចក្តីសុខ និង សុំឱ្យរក ស៊ីមានបាន ។ ជារៀងរាល់ថ្ងៃមានមនុស្សប្រមាណ ២០ ទៅ ៣០ នាក់ បានមកបន់ស្រន់ នៅទីនេះ ហើយបើថ្ងៃណាមាន បុណ្យទានចំនួន មនុស្សនឹងកើនឡើង ។ ក្នុងចំណោមមនុស្សទាំងអស់នោះ ៨០ ភាគរយជាជនជាតិចិន និង ជនជាតិវៀតណាម នេះបើតាមប្រសាសន៍របស់មន្ត្រីនគរបាលដែលប្រចាំការនៅរមណីយដ្ឋាននេះ ។ ជនជាតិវៀតណាមពីរនាក់ដែលនៅក្នុងដៃមានកាន់ធូប និង ចេកផងនោះ បាននិយាយថា “តែងតែមកបន់ស្រន់ នៅទីនេះ ព្រោះទីនេះវាស័ក្តិសិទ្ធិណាស់” ។ លោក ឈូក បណ្ឌិត អភិបាលក្រុងបាវិត បានមានប្រសាសន៍ថា ប្រជាជន ក្រុងបាវិតភាគច្រើនតែងតែមាន ជំនឿចំពោះរមណីយដ្ឋានទួលព្រៃយាយដូននេះ ហើយបាននាំគ្នាទៅបួងសួងសុំសេចក្តីសុខ ។ កន្លែងនេះមិនត្រឹម តែពលរដ្ឋក្រុង បាវិតទេដែលគោរពបូជា ពលរដ្ឋខ្មែរដែលនៅតំបន់ឆ្ងាយៗក៏មកកាន់ទីនេះដែរ ហើយជាពិសេសជនជាតិវៀតណាមតែងតែមកទីនេះ ព្រោះពួកគេមានជំនឿជាង ខ្មែរយើងទៅទៀត ។ លោក ឈូក បណ្ឌិត បានបន្តទៀតថា កន្លងមកសាលា ក្រុងបាវិត បានបញ្ជូនប៉ូលិសទៅនៅទីនោះដើម្បីការពាររូបសំណាកយាយដូន និង វត្ថុផ្សេងៗដែលរក្សាទុកនៅទីនោះ ។ កាលពីមុនប្រាសាទនេះធ្វើពីឈើ ក៏ប៉ុន្តែក្រោយមកលោក មឹង សំផន បាន ជួយកសាងប្រាសាទពីរ ដែលធ្វើពីថ្មសម្រាប់តម្កល់ព្រះសិវៈ ហើយនៅពេលជីក ដីធ្វើការសាងសង់បានប្រទះឃើញរូបយាយដូន ព្រមទាំងយោនី នៅពេលនោះ មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈបានមកទាក់ទងសុំយកទៅរក្សាទុកនៅខេត្តស្វាយ រៀង ក៏ប៉ុន្តែលោក មឹង សំផន បានសុំរក្សាទុកនៅទីនេះដើម្បីថែរក្សា និង គោរព បូជា ។ ![]() * បាវិតទីក្រុងពាណិជ្ជកម្ម និង ទេសចរណ៍ដ៏ធំនៅព្រំដែន បាវិតជាច្រកអន្តរជាតិដ៏សំខាន់សម្រាប់ចរាចរផ្លូវគោក ទំនាក់ទំនងរវាង ប្រទេសទាំងពីរគឺកម្ពុជា និង វៀតណាម ជាពិសេសគឺទីក្រុងភ្នំពេញ និង ទីក្រុង ហូជីមិញ ។ ក្រៅពីការបង្កើតជាតំបន់កម្សាន្តកាស៊ីណូ ហើយបង្កើតឱ្យមានផ្សារ ណាត់ដែលមានទំនិញគ្រប់ប្រភេទជាផលិតផលក្នុងស្រុក និង ផលិតផលពីប្រទេស វៀតណាម បានធ្វើឱ្យច្រក ព្រំដែននេះរឹតតែមានភាពអធិកអធមថែមទៀត ។ ក្រៅពីនេះ ច្រកព្រំដែនបាវិតគឺជាមជ្ឈមណ្ឌលទេសចរណ៍ដែលទាក់ទាញ ភ្ញៀវទេសចរយ៉ាងច្រើន ពីប្រទេសវៀតណាមមកទស្សនា និង កម្សាន្តនៅទីនេះ ហើយបាវិតក៏ក្លាយជាព្រំដែនដែលដោះដូរពាណិជ្ជកម្ម យ៉ាងធំបំផុតរវាងប្រទេស ទាំងពីរផងដែរ ។ ក្រុងបាវិតត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១០ កន្លងទៅនេះ ដែលពីអតីតកាលតំបន់ព្រំដែនមួយនេះគឺជាសមរភូមិយ៉ាងក្តៅគគុកដែលនៅមុន ឆ្នាំ ១៩៧៥ សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកតាមព្រំដែនកម្ពុជា-វៀតណាម បំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅព្រំដែននេះគ្មានសល់អ្វីទាំងអស់ ព្រមទាំងសម្លាប់ ប្រជាជនស្លូតត្រង់ខ្មែររាប់មិនអស់ និង ស្លាកស្នាមរណ្តៅគ្រាប់បែកបេ ៥២ របស់ អាមេរិកនៅមានខ្លះៗនៅឡើយ ប៉ុន្តែពេលនេះអនុស្សាវរីយ៍ដ៏ជូរចត់ដោយថ្លុក ឈាមនេះ បានរលាយបាត់បន្តិចម្តងៗដោយជំនួសមកវិញនូវ ការអភិវឌ្ឍយ៉ាងឆាប់ រហ័ស ដែលធ្វើឱ្យទីនេះក្លាយជាទីក្រុងជាយដែនដ៏ធំមួយ ។ ក្រៅពីតំបន់ទេសចរណ៍ខាងលើ ខេត្តស្វាយរៀងក៏នៅមានសារមន្ទីរវត្ថុ បុរាណក្នុងស្រុក កន្លែងលម្ហែកាយ នៅតាមដងទន្លេវ៉ៃកូ ប្រាសាទជាហោរនៅ ក្នុងស្រុករមាសហែក និង ទួលបុរាណរាប់មិនអស់ទៀតសម្រាប់ធ្វើការសិក្សា ស្រាវជ្រាវ ៕ |

