Written by ភ្នំពេញដេលីញូវ | |
Monday, 16 January 2012 14:31 | |
ជារៀងរាល់ថ្ងៃ ជាពិសេសនៅថ្ងៃ បុណ្យនិងថ្ងៃឈប់សម្រាកយើង សង្កេតឃើញប្រជាពលរដ្ឋ បុគ្គលិក មន្ត្រីរាជការ សិស្សសាលានាំគ្នា ធ្វើដំណើរទៅ ទស្សនាកម្សាន្តលម្ហែ កាយនៅតាម តំបន់ទេសចរណ៍មួយចំនួននៅទឹកដីខេត្តក្រចេះ ដូចជាកាំពីរអន្លង់ផ្សោត រមណីយដ្ឋានភ្នំ សម្បុក ។ ការធ្វើដំណើររបស់ភ្ញៀវទេសចរទាំងទឹកមុខញញ្ញឹមញញ្ញែម ស្រស់ស្រាយតាមម៉ូតូរថយន្តតូចធំ ឱ្យតែមកដល់ត្រង់ចំណុចភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្តបុរី ដូចជាចងចិត្តចងដំណើរឱ្យ ឈប់ថ្វីដ្បិតតែចំណុចនេះមិនមែនជាគោលដៅត្រូវឈប់សម្រាករបស់ភ្ញៀវក៏ដោយ ហើយបាននាំគ្នាចុះទិញ “នំក្រឡានទេសចរ” ជាហូរហែ ព្រោះថានំ ក្រឡាននៅទីនេះមានឈ្មោះល្បីរន្ទឺថា “មានរសជាតិឈ្ងុយឆ្ងាញ់ជាប់ មាត់លើសនំក្រឡាននៅកន្លែងផ្សេងៗ” បើបានសាកម្តងហើយពិតជា ចង់ម្តងទៀត ឯតម្លៃវិញក៏ថោកសមរម្យដែរ ។’![]() វាមិនមែនជាការលំបាកអ្វីឡើយ ភ្ញៀវទេសចរទាំងឡាយដែលមានបំណងចង់ស្គាល់តំបន់“នំក្រឡានទេសចរ” ដ៏មានឱជារសឈ្ងុយឆ្ងាញ់នេះ ។ បើយើងធ្វើដំណើរចេញពីទីរួមខេត្តក្រចេះប្រហែលជា ៧ គីឡូម៉ែត្រ តាមបណ្តោយ ផ្លូវជាតិលេខ៧ដ៏រលោងស្រិល អែបប្របជាប់នឹងដង ទន្លេ ជាមួយនឹងដើមឈើតូចធំដុះអមសងខាងផ្លូវ មានម្លប់ ត្រឈឹងត្រឈៃត្រជាក់ស្រេង ជាមួយនឹងខ្យល់ជំនោរនារដូវប្រាំង ។ មិនយូរប៉ុន្មានប្រហែលជា ១០-២០ នាទី យើងនឹងទៅដល់ភូមិថ្មគ្រែយើងនឹងបានឃើញតូបតូចៗតម្រៀបគ្នាជាជួរៗប្រហែល ២០ ទៅ ៣០ តូប ខាងស្តាំដៃ ដែលតូបនីមួយៗសុទ្ធតែ មានដាក់តាំងលក់នំក្រឡានដ៏ឈ្ងុយឆ្ងាញ់ជាហូរហែ និង មានលាយឡំជាមួយនឹងណែមខ្លះៗផង ដែរសម្រាប់លក់ជូនភ្ញៀវអ្នកធ្វើដំណើរឆ្លងកាត់ទីនេះ។ ![]() ជួបជាមួយស្រស់ស្រីកញ្ញាដ៏ស្រស់សោភាជាកូនអ្នកស្រុក និង ជាអ្នកលក់នំក្រឡាន បានរៀបរាប់ប្រាប់ទាំងទឹក មុខញញ្ញឹមញញ្ញែមថា “នាងខ្ញុំមានឈ្មោះ អេង ស៊ីថុន អាយុ ១៨ ឆ្នាំ ខ្ញុំលក់ នំក្រឡាននេះរយៈពេល ៩ ឆ្នាំមកហើយ កាលពីដំបូងឡើយម្តាយខ្ញុំជាអ្នកលក់ តែពេលនេះខ្ញុំជា អ្នកលក់ជំនួសគាត់ម្តង ហើយនំដែលនាងខ្ញុំលក់សព្វថ្ងៃនេះ គឺបានដុតធ្វើដោយខ្លួនឯង ចំណែក ឯអ្នកលក់មួយចំនួនគឺបានទិញតពីគេមកលក់បន្ត ”។ កញ្ញាបន្តថា ជារៀងរាល់ថ្ងៃកញ្ញាលក់ដាច់បាន ៣០ ទៅ ៤០ គីឡូក្រាម នេះជាថ្ងៃធម្មតា ប៉ុន្តែបើសម្រាប់ថ្ងៃ បុណ្យចូលឆ្នាំបុណ្យជាតិផ្សេងៗ កញ្ញាអាចលក់អស់ពី ១០០ គីឡូក្រាម ទៅ ជាង ១០០ គីឡូក្រាម ។ ឯតម្លៃវិញ ក្នុងមួយគីឡូក្រាម៦.៥០០ ទៅ ៨.០០០ រៀល ហើយភាគ ច្រើនអ្នកដែលទិញសុទ្ធសឹងជាអ្នកដំណើរមកពីឆ្ងាយៗដែល គេបានមកលេងនៅតំបន់នេះ ព្រម ទាំងអ្នកធ្វើដំណើរឆ្លងកាត់ទីនេះ ។ លោកយាយ អោក សារឿន វ័យ ៦០ ឆ្នាំ ដែលជាអ្នកដុត និង លក់នំក្រឡានជើងចាស់នៅ ទីនេះបានឱ្យដឹងថា ការដុតនិងលក់នំក្រឡាននេះ វាគឺជាមុខរបរតកូនតចៅតាំងពីយូរយារ ណាស់មកហើយ ថែមទាំងមានឈ្មោះ បោះសំឡេងស្ទើរទូទៅទាំងប្រទេសថា នំក្រឡានទីនេះ ឆ្ងាញ់ណាស់ ។ ដោយសារតែមានស្នាដៃល្បីឈ្មោះថា ដុតនំក្រឡានឆ្ងាញ់នោះ លោកយាយ សារឿន ត្រូវបានភ្ញៀវទេសចរ អ្នកធ្វើដំណើរ បានដាក់រហស្សនាមឱ្យថា “ដូនចាស់សក់សក្រឡាន ឆ្ងាញ់” ។ លោកយាយបញ្ជាក់ប្រាប់ថា នំក្រឡាននៅទីនេះមិនថាតូបមួយណាឡើយសុទ្ធតែឆ្ងាញ់ ទាំងអស់ហ្នឹង គ្រាន់តែថាតម្លៃលក់ខុសគ្នាតិចតួចប៉ុណ្ណោះ ។ ប្អូនស្រី កែវ បូតុង ជាសិស្សសាលាថ្នាក់ទី ១១ បានប្រាប់ថា នៅពេលទំនេរប្អូនតែងតែ នៅជួយលក់នំក្រឡាន ឪពុកម្តាយប្អូនមិនដែលខានទេ ហើយការលក់នេះវាអាចជួយរកចំណូល បានមួយផ្នែកសម្រាប់ផ្គត់ផ្គង់គ្រួសារប្អូន ជាពិសេសវាអាចជួយសម្រាលដល់ការសិក្សារបស់ប្អូន ទៀតផង ដូចជា ទិញសម្លៀកបំពាក់ ទិញសៀវភៅ ប៊ិក ជាដើម ។ បងស្រី ច្រិប អាយុ ២៩ ឆ្នាំ ជាអ្នកដុតនំក្រឡានលក់បោះឱ្យម៉ូយធំៗទាំងនៅក្នុងខេត្ត និង ម៉ូយខ្លះនៅភ្នំពេញ បានឱ្យដឹងថាបងស្រីចាប់យកមុខរបរនេះ ៨ ឆ្នាំហើយ គឺដុតសម្រាប់តែបោះ ឱ្យម៉ូយតែប៉ុណ្ណោះ ។ បងស្រីបាន រៀបរាប់ថាការដុតនំក្រឡានលក់នេះមិនមែនជាការស្រណុក ទេ គឺយើងត្រូវចាប់ផ្តើមឡើងដុត ឡើងធ្វើតាំងពីម៉ោង ១១-១២ យប់រហូតដល់ភ្លឺ ដូចជាការ ច្រកអង្ករចូលក្នុងបំពង់ឫស្សី រួចយកទៅដុត ឆ្អើរ ត្រូវអង្គុយប្រែត្រឡប់រហូតដល់នំក្រឡានឆ្អិនល្អ ទើបយើងយកមកលួសសម្បកឫស្សីចេញឱ្យនៅស្តើងល្អ ងាយស្រួលក្នុងការបកហូប ហើយនំ ក្រឡានដែលធ្វើនៅទីនេះមានពីរប្រភេទ មួយគឺនំក្រឡានធម្មតាគឺលាយសណ្តែក ស្ករ អំបិល និង សាច់ដូង ឯក្រឡានមួយប្រភេទទៀតគឺក្រឡានខ្ទិះ គឺយើងលាយដូចគ្នា ប៉ុន្តែយើងអត់ដាក់ សាច់ដូងទេ គឺដាក់ខ្ទិះដូងវិញ ហើយខ្ទិះនោះគឺយកខ្ទិះលេខមួយ ឯរសជាតិរបស់វាវិញគឺឆ្ងាញ់ ជាងក្រឡានធម្មតា ។ បងស្រីបន្តថា សព្វថ្ងៃបងស្រីត្រូវឡើងដុតនំក្រឡានសម្រាប់តម្រូវការឱ្យម៉ូយនៅឯខេត្ត ក្នុង មួយថ្ងៃ ១០០ គីឡូក្រាមជាប្រចាំ ក្នុងមួយគីឡូក្រាមតម្លៃ ៥.៥០០-៦.០០០ រៀល ។ បងស្រី ផល្លា ជាអ្នកទទួលទិញលក់បន្តនៅផ្សារក្រចេះបានឱ្យដឹងថា ម៉ូយលក់ក្រឡានទាំង អស់សុទ្ធតែទៅ យកពីអ្នកធ្វើនៅភូមិថ្មគ្រែ ហើយមួយគីឡូក្រាម ៥.៥០០ រៀល ទៅ ៦.៥០០ រៀល លក់វិញ ៧.០០០-៨.០០០ រៀល ។ ជួបជាមួយបងស្រី ម៉ុម និង បងស្រី ប្រៀប រួមទាំងអ្នកធ្វើដំណើរបានឱ្យដឹងថា ពួកគាត់ តែងតែចូលមក ទិញនំក្រឡាននេះជានិច្ចឱ្យតែបានធ្វើដំណើរមកលេងនៅខេត្តក្រចេះនេះ ហើយ ទិញម្តងៗ ២០-៣០ គីឡូក្រាមដើម្បីហូបនិងផ្ញើបងប្អូននៅក្រុងភ្នំពេញ ។ ជាមួយនឹងការហូបនំ ក្រឡានបណ្តើរបន្តថា នំក្រឡាននៅ ខេត្តក្រចេះភូមិថ្មគ្រែនេះពិតជាមានរសជាតិឆ្ងាញ់ពិតមែន ឯតម្លៃវិញក៏ថោកសមរម្យ បើពួកគាត់ទិញច្រើនចុះតម្លៃទៀត ជាមួយនោះអ្នកលក់ក៏រួសរាយរាក់ ទាក់ប្រកបដោយសុជីវធម៌ល្អថែមទៀត ដែលធ្វើឱ្យអ្នកដំណើរមិនទិញពិត ជាមិនអស់ចិត្តឡើយ៕ |

