ថ្ងៃទី 13 ខែឧសភា ឆ្នាំ2012, ម៉ោង 11:55 PM សុខ វណ្ណា
ភ្នំគូលែន ជារមណីយដ្ឋានប្រវត្តិសាស្ត្របែបសាសនា មានកេរ្តិ៍ឈ្មោះល្បី តាំងពីរជ្ជកាលព្រះបាទជយវរ្ម័នទី២ មកម៉្លេះ ក្នុងពេលដែលព្រះអង្គយាងទៅធ្វើ “ពិធីទេវរាជ” តម្កល់សិវលិង្គដ៏ធំលើភ្នំនេះ។ រហូត មកទល់សព្វថ្ងៃ ភ្នំគូលែន បានក្លាយជាតំបន់ទេសចរណ៍ដ៏ប្រណីត ប៉ុន្តែដោយសារការអភិវឌ្ឍន៍មានកម្រិតទាប ក៏ត្រូវរងនូវការរិះគន់ពីសំណាក់ភ្ញៀវទេសចរ...។
ដោយសារតែមានសំណូមពរពីអ្នកទេសចរ មួយចំនួន ទាំងភ្ញៀវជាតិ និងអន្តរជាតិ ស្នើឱ្យ “អង្គរធំ” ចុះផ្សាយអំពីការលំបាករបស់ពួកគាត់ និងក្តីបារម្ភចំពោះសុវត្ថិភាពនៃការធ្វើដំណើរនោះ ទើប “អង្គរធំ” សម្រេច ចុះផ្សាយតាមសំណូមពរ ក្នុងន័យជួយលើកតម្កើង ទីតាំងប្រវត្តិសាស្ត្របែបព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ឱ្យរក្សាបានភាពល្បីរន្ទឺជាបន្តទៀត។
ប្រភពពីអ្នកទេសចរ បានឱ្យដឹងថា បើគិតពីឆ្នាំ ១៩៩២-១៩៩៣ មកដល់ពេលនេះ រមណីយដ្ឋានភ្នំគូលែន ដូចជាពុំមានអ្វីប្លែកភ្នែកសោះ ព្រោះតែការអភិវឌ្ឍន៍មិនសូវមានសន្ទុះទៅមុខតាមសភាពការណ៍ ប្រទេសជាតិ ដែលកំពុងទទួលបានសុខសន្តិភាពពេញ បរិបូណ៍។ ពេលទៅកម្សាន្ត ឆ្នាំណាក៏ដូចឆ្នាំណាដែរ មើលឃើញតែតូបលក់ដូរស្អេកស្កះ ដោយមានព្រះសង្ឃ តាជី យាយជី ជាច្រើនអង្គ ច្រើនរូប ពុំដឹងជា និមន្ត អញ្ជើញមកពីប្រភពណាទេ ដែលអង្គុយចាំ ប្រោះព្រំលើករាសី និងអង្គាសយកប្រាក់ ពុំដឹងជាយក ទៅកសាង ឬយកទៅណាទេ។ ពិសេសបំផុត គឺផ្លូវ ចូលជាង២០គីឡូម៉ែត្រ មានជង្ហុកគ្រហិកគ្រហុក ដីហុយ សំពោង ចូលភ្នែកចូលច្រមុះអ្នកដំណើរ មើលអ្វីមិនឃើញ បណ្តាលឱ្យជួបគ្រោះថ្នាក់ចរាចរណ៍ជារឿយៗ នេះសម្រាប់ រដូវប្រាំង តែបើប៉ះរដូវវស្សាវិញ ច្បាស់ជារថយន្ត បើកសាចភក់ដាក់អ្នកថ្មើរជើងមិនខាន។ ជាទូទៅ សម្រាប់ភ្ញៀវអន្តរជាតិត្រូវបង់២០ដុល្លារ ឯភ្ញៀវជាតិ២.០០០រៀល រថយន្តតូច ១គ្រឿង ១ម៉ឺនរៀល រថយន្តធំ ២ម៉ឺនរៀល ប៉ុន្តែ ផ្លូវចូលមិន ឃើញអភិវឌ្ឍអ្វីសោះ។
លោកសុខ សាមឿន អាយុ៥៤ឆ្នាំ ជាប្រធានគ្រប់គ្រងច្រក ចេញចូលរមណីយដ្ឋានភ្នំគូលែន បានបំភ្លឺថា រមណីយដ្ឋាននេះ ពុំស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរានោះទេ គឺស្ថិត នៅចំណុះយោធភូមិភាគ៤ និងក្រុមហ៊ុននគរគោកធ្លក ព្រមទាំង អាជ្ញាធរដែនដីមួយចំនួនទៀត។ កាលរូបលោកមកកាន់កាប់ទីនេះកាលពីជាង១០ឆ្នាំមុន កាលនោះមានសុទ្ធតែព្រៃ មានសត្វខ្លា និងប្រើស ដេកក្បែរៗផ្លូវ ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ បាត់មិនដែលឃើញសត្វទាំងនោះទេ។ ចំពោះភ្ញៀវទេសចរ ដែលចូលមកកម្សាន្ត បើប៉ះថ្ងៃបុណ្យធំៗ មានរហូតដល់ទៅ៣០០ឡានយ៉ាងតិច តែបើ ខុសពីថ្ងៃបុណ្យ ហោចណាស់ក៏មាន ៥០-៦០ឡានដែរ ឯម៉ូតូរាប់រយគ្រឿង។ សម្រាប់ឆ្នាំ២០១២នេះ ចំនួន ភ្ញៀវទេសចរថយចុះបន្តិច សូម្បីតែជនជាតិថៃ ដែលចូលមកកម្ពុជា ៦-៧ម៉ឺននាក់ កាលពីអំឡុងបុណ្យចូលឆ្នាំថ្មីនោះ លោកខំរៀបចំកម្លាំងការពារសុវត្ថិភាព ត្រៀមទទួលស្វាគមន៍ តែគ្មានឃើញភ្ញៀវថៃ មកម្នាក់សោះ គឺពួកគេមកកម្សាន្តត្រឹមសៀមរាប ដើម្បីទទួលអតីតនាយករដ្ឋមន្ត្រីរបស់ពួកគេ។
លោកសុខ សាមឿន ឱ្យដឹងទៀតថា ផ្លូវចូលមកកាន់រមណីយដ្ឋានភ្នំគូលែន បើគិតត្រឹមរង្វង់មូលផ្លូវ ហាយវេ-អាស៊ាន មកដល់កំពូលភ្នំ មានចម្ងាយ២៥គ.ម។ គម្រោងកសាងផ្លូវនេះ បានរៀបចំសិក្សារួចហើយ ប៉ុន្តែ លោកមិនទាន់ដឹងថា ពេលណាទើបអនុវត្តនោះទេ ទើបបណ្តាលឱ្យផ្លូវចាស់នៅតែហុយទ្រលោមយ៉ាងនេះ។ ចំពោះរូបលោកក៏ចង់បានផ្លូវល្អដូចពលរដ្ឋឯទៀតដែរ ប៉ុន្តែ សម្គាល់ឃើញថា ផ្លូវក្រាលកៅស៊ូ ឬចាក់បេតុង មានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងផ្លូវមានជង្ហុកសម្បុក មាន់ទៅទៀត ព្រោះអ្នកបើកបរមិនគោរពច្បាប់ អាងថា ផ្លូវស្រួល ក៏បង្កើនល្បឿនខ្វះការប្រុងប្រយ័ត្ន។ លោក រិះគន់ចំៗថា ចំពោះបញ្ហាអនាម័យបរិស្ថាន បើនិយាយពីអ្នកលក់ដូរចំណីចំណុក ឬវត្ថុអនុស្សាវរីយ៍ ក៏ដូចជា ភ្ញៀវទេសចរក្រីក្រកាត់មកពីខេត្តឆ្ងាយៗ ពួកគាត់មានសុជីវធម៌ល្អណាស់ គឺមិនដែលចោលសំរាម ឬកាក- សំណល់អ្វី នាំឱ្យប៉ះពាល់ដល់បរិស្ថាននោះទេ។ ផ្ទុយទៅវិញ អស់លោក-លោកស្រីខ្លះជិះសុទ្ធតែឡានទំនើប តម្លៃរាប់ម៉ឺនដុល្លារ ពួកគាត់គ្រាន់តែចុះពីឡាន ក៏បោះសំរាមចោលពាសវាលពាសកាល ធ្វើឱ្យពិបាកដល់ឆ្មាំ អនុរក្ស ទៅរើសដាក់ធុងសំរាមទាំងរអ៊ូរទាំ។
កញ្ញាហឿន ឡាយ អាយុ១៨ឆ្នាំ មកពីខេត្ត សៀមរាប, កញ្ញាហួន សុភាព អាយុ១៩ឆ្នាំ មកពីខេត្ត សៀមរាប, លោកសន សឿន អាយុ៦៣ឆ្នាំ មកពី ខេត្តកំពង់ចាម និងនាងហូ សុខា អាយុ៣១ឆ្នាំ មកពី ខេត្តបន្ទាយមានជ័យ បានឱ្យដឹងស្របគ្នាថា ពួកគាត់ ខ្លះមិនដែលស្គាល់ភ្នំគូលែនទេ ខ្លះក៏ធ្លាប់មកកម្សាន្ត ពីរបីដងរួចមកហើយ ដើម្បីមានឱកាសចូលថ្វាយបង្គំ ព្រះអង្គធំ និងងូតទឹកធ្លាក់ដ៏ត្រជាក់។ ពេលមកដល់ ខេត្តសៀមរាប ពួកគាត់រំភើបណាស់ ព្រោះឃើញផ្លូវ ក្រាលកៅស៊ូរាបធេង បានទស្សនាប្រាង្គប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញ ហើយក៏បង្ហួសមកកម្សាន្តនៅ រមណីយដ្ឋានភ្នំគូលែន។ ប៉ុន្តែ អ្វីដែលពួកគាត់ធុញ ទ្រាន់នោះ គឺផ្លូវចូលចម្ងាយត្រឹមតែ ២៥គ.ម ហុយទ្រលោម ជិះឡានរលាក់ស្ទើរបាក់ចង្កេះ ទម្រាំចូលមក ដល់។ ដោយហេតុតែផ្លូវចូលយ៉ាប់ពេក ទើបចំនួនភ្ញៀវទេសចរ ថយចុះតិចជាងពីឆ្នាំទៅ ដូច្នេះ ពួកគាត់ ក៏មានសំណូមពរដល់ក្រុមហ៊ុនឯកជន ដែលគ្រប់គ្រងរមណីយដ្ឋាននេះ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ សូមមេត្តាពន្លឿនការជួសជុលផ្លូវឱ្យបានកាន់តែឆាប់កាន់តែល្អ ព្រោះថវិកាចំណូលដែលបានមកពីការលក់សំបុត្រ ក្នុង១ខែៗ មិនតិចទេ។ បើមានផ្លូវល្អ បរិស្ថានក៏ល្អ ទៀតនោះ រមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះ នឹងមាន ភ្ញៀវទេសចរជាតិ-អន្តរជាតិចូលមកកាន់តែច្រើន។
គួរបញ្ជាក់ថា ការរិះគន់នេះ មានទាំងសងខាង គឺលោកប្រធានគ្រប់គ្រងច្រកចេញចូលរិះគន់អ្នកមានឡានទំនើបថា អត់មារយាទ ចោលសំរាមពាសវាលពាសកាល ឯអ្នកមកកម្សាន្តរិះគន់ពីរឿងផ្លូវ។ ដូច្នេះ ដើម្បីឱ្យមានតុល្យភាព គួររួមគ្នាដោះស្រាយតាមរយៈ ការស្ថាបនាផ្លូវតាមគម្រោង និងចេះរក្សាអនាម័យគ្រប់ៗគ្នា ដើម្បីលើកស្ទួយរមណីយដ្ឋានប្រវត្តិសាស្ត្រ នេះឱ្យនៅតែល្បីល្បាញរហូតទៅ៕Agkor thom