ថ្ងៃទី 15 ខែមិថុនា ឆ្នាំ2012, ម៉ោង 08:29 AM ជុន សុផល
ប្រទេសកូរ៉េខាងត្បូង បានបើកការផ្សព្វផ្សាយស្តីពីការផ្តល់សេវាទេសច រណ៍សុខាភិបាលនៅក្នុងប្រទេសកម្ពុជា ជាលើកដំបូងរបស់ខ្លួន ហើយកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១២នេះ បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងជាមួយរាជរដ្ឋាភិ បាលកម្ពុជា ក្នុងការធ្វើកិច្ចសហប្រតិបត្តិការទៅលើវិស័យ នេះអស់រយៈពេលជិត១ ឆ្នាំកន្លងទៅ។
តំណាងជាន់ខ្ពស់ នៃអាជ្ញាធរទេសចរណ៍កូរ៉េខាងត្បូង
បានសម្តែងក្តីសង្ឃឹមថា នៅក្រោមឱកាសនៃការបើកយុទ្ធនាការផ្សព្វផ្សាយ នេះ កូរ៉េ នឹងទទួលបានអ្នកទេសចរសុខាភិបាលពីកម្ពុជា ទៅលេងកម្សាន្ត និងព្យាបាលជំងឺនៅទីនោះកាន់តែច្រើនឡើងថែមទៀតនៅ ក្នុងបណ្តាឆ្នាំខាងមុខ ព្រោះថា កូរ៉េ មានឧត្តមភាពក្នុងការប្រកួតប្រជែងខ្លាំងនៅលើវិស័យនេះជាមួយនឹងបណ្តា ប្រទេសជាច្រើន ទាំងនៅ ក្នុងតំបន់ ហើយនិងពិភពលោក...។
កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១២ អាជ្ញាធរទេសចរណ៍ នៃប្រទេសកូរ៉េខាងត្បូង បានបើកធ្វើការផ្សព្វផ្សាយជាលើកដំបូងនៅក្នុងរាជធានីភ្នំពេញ ស្តីពីការផ្តល់សេវាទេសចរណ៍សុខាភិបាល សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលមានបញ្ហាសុខភាព ឱ្យទៅទទួលយកការព្យាបាលជំងឺ និងធ្វើដំណើរកម្សាន្ត នៅក្នុងប្រទេសកូរ៉េខាងត្បូង។
មានមន្ទីរពេទ្យល្បីឈ្មោះបំផុត ចំនួន៧កន្លែង នៅក្នុងប្រទេសនេះ ដែលមាន ឯកទេសក្នុងការព្យាបាលជំងឺមហារីក ជំងឺឆ្អឹង ជំងឺលើសឈាម ជំងឺស្ត្រី និងការវះកាត់ ព្រមទាំងការកែសម្ផស្សជាដើម ត្រូវបានគេលើកយកមកធ្វើការបង្ហាញនៅ ក្នុងកម្មវិធីនៃការផ្សព្វផ្សាយក្នុងជំហានដំបូង ដែលមានរយៈពេលមួយថ្ងៃ។
លោកឆាម លី ជហាម ឡេេ អគ្គនាយកអាជ្ញាធរទេសចរណ៍សាធារណរដ្ឋកូរ៉េ បានមានប្រសាសន៍នៅក្នុងកម្មវិធីផ្សព្វផ្សាយរបស់ខ្លួន ដែលបើកធ្វើនៅក្នុងរាជធានីភ្នំពេញ ថា ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ី បានជ្រើសរើសយក ប្រទេសកូរ៉េខាងត្បូង ជាប្រទេសទេសចរណ៍សុខាភិបាល ព្រោះថា ប្រទេសនេះ មានឧត្តមភាពប្រកួតប្រជែងខ្លាំងនៅលើវិស័យនេះ បើប្រៀបធៀបជាមួយនឹង បណ្តាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ និងពិភពលោក។
លោកឆាម លី បានមានប្រសាសន៍ទៀតថា ប្រទេសកូរ៉េ មានភាពល្បីល្បាញ ក្នុងការព្យាបាលជំងឺធ្ងន់ៗជាច្រើនប្រភេទ មានដូចជាជំងឺមហារីក ជំងឺឆ្អឹង ជំងឺស្ត្រី ជំងឺដែលពាក់ព័ន្ធទៅនឹង ការវះកាត់ផ្សេងៗ ហើយនិងការកែសម្ផស្ស ជាដើម ដែលអាចផ្តល់នូវទំនុកចិត្តខ្ពស់ដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងតែស្វែងរកសេវានេះ។
លោកឆាម លី បានគូសបញ្ជាក់ថា “យើងសង្ឃឹមថា តាមរយៈការផ្សព្វផ្សាយនាពេលនេះ ប្រជាជនកម្ពុជា នឹងមានការយល់ដឹងកាន់តែច្រើនពីសេវាទេសចរណ៍សុខាភិបាល នៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយពួកគេ នឹងទៅទទួលយកសេវានៅទីនោះកាន់តែច្រើនឡើងជាមិនខាន”។
យោងតាមតួលេខ ដែលបង្ហាញដោយអាជ្ញាធរទេសចរណ៍កូរ៉េខាងត្បូង បានឱ្យដឹងថា កាលពីឆ្នាំ២០១១ កន្លងទៅ មានពលរដ្ឋកម្ពុជា សរុបប្រមាណជា១០០ នាក់ ក្នុងចំណោម២៤.០០០នាក់ ដែលបានទៅកាន់ប្រទេស កូរ៉េខាងត្បូង បានទទួលយកសេវាទេសចរណ៍សុខាភិបាលនៅទីនោះ។
សេវាទេសចរណ៍សុខាភិបាល គឺជាការធ្វើដំណើរកម្សាន្តផង និងជាការទៅទទួលយកសេវាព្យាបាលជំងឺ ផង។ បច្ចុប្បន្ន សេវានេះ កំពុងមានការពេញនិយមយ៉ាងខ្លាំងក្នុងចំណោមពលរដ្ឋកម្ពុជា ដែលមានធនធាន ស្តុកស្តម្ភ និងមន្ត្រីរាជការ ដែលមានបុណ្យស័ក្តិធំៗនៅក្នុងជួររាជរដ្ឋាភិបាល។
ក្នុង១ឆ្នាំៗមានមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា និងប្រជារាស្ត្រសាមញ្ញ ដែលមានប្រាក់ស្តុកស្តម្ភរាប់ពាន់នាក់ បានធ្វើដំណើរចាកចេញពីប្រទេស ទៅស្វែងរកសេវាទេសចរណ៍សុខាភិបាលនៅក្នុងប្រទេសជាច្រើននៅក្នុងតំបន់ អាស៊ី និងអឺរ៉ុប ក្នុងនោះ រួមមានដូចជា ប្រទេសវៀតណាម ថៃ សឹង្ហបូរី និងប្រទេសបារាំង ជាដើម ពីព្រោះថា នៅទីនោះ ទាំងសេវា និងការព្យាបាលសុទ្ធតែមានគុណភាព និងប្រសិទ្ធភាពខ្ពស់គួរជាទីទុកចិត្តសម្រាប់ពួកគេ។
លោកអាង គឹមអៀង ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា ការផ្សព្វផ្សាយពីសេវាទេសចរណ៍សុខាភិបាលរបស់កូរ៉េ នៅក្នុងប្រទេសកម្ពុជា នាពេលនេះ អាចជួយឱ្យប្រជាពលរដ្ឋកម្ពុជា កាន់តែមាន ជម្រើសនៅក្នុងការធ្វើទេសចរណ៍ផង និងពិនិត្យសុខភាពផង ព្រោះថា កូរ៉េខាងត្បូង មានបច្ចេកទេសនៅក្នុងការព្យាបាលទទួលបាននូវប្រសិទ្ធភាពខ្ពស់ដូចជា អារ្យប្រទេសផ្សេងៗដទៃទៀតដែរ។
លោកអាង គឹមអៀង បានមានប្រសាសន៍ទៀតថា ប្រទេសកូរ៉េ មានក្រុម គ្រូពេទ្យជំនាញ ដែលគោរពក្រមសីលធម៌គ្រូពេទ្យបានខ្ពស់ ហើយការព្យាបាល ទៀតសោត ក៏មិនសូវផ្តោតទៅលើតែប្រាក់ចំណេញដែរ ពោលគឺ គេផ្តោតទៅលើ គុណភាព និងប្រសិទ្ធភាពនៃការព្យាបាល ជាការសំខាន់។
លោកអាង គឹមអៀង បានគូសបញ្ជាក់ថា “ខ្ញុំគិតថា នៅពេលដែលវិស័យ សុខាភិបាលមួយ ផ្តោតសំខាន់ទៅលើការព្យាបាលខ្ពស់ជាងការចង់បានប្រាក់ ចំណេញនោះ ដូចនេះសុខភាពអ្នកដែលទៅទទួលការព្យាបាលនឹងមានលទ្ធផល ល្អជាក់ជាមិនខាន។ កូរ៉េ មានការហោះហើរមកកម្ពុជា ច្រើនជើងណាស់ក្នុងមួយ សប្តាហ៍ ដូច្នេះវាគឺជាការងាយស្រួលសម្រាប់ប្រជាជនកម្ពុជា របស់យើង ក្នុងការចេញ ទៅស្វែងរកសេវាព្យាបាលសុខភាពដែលមានគុណភាពស្តង់ដារខ្ពស់នៅទីនោះ”។
បច្ចុប្បន្ន សេវាទេសចរណ៍សុខាភិបាលនៅក្នុងប្រទេសកូរ៉េខាងត្បូង មានតម្លៃ ខ្ពស់ជាងនៅប្រទេសថៃ និងប្រទេសវៀតណាម ប៉ុន្តែទាបជាងប្រទេសសិង្ហបូរី តែចំពោះគុណភាព និងប្រសិទ្ធភាពនៃការព្យាបាលវិញ គឺមានស្តង់ដារខ្ពស់ជាង បណ្តាប្រទេសទាំងនោះទៅទៀត។
លោកឆាម លី បានមានប្រសាសន៍ថា “យើងទទួលស្គាល់ថា សេវាទេសចរណ៍ សុខាភិបាលនៅកូរ៉េ មានតម្លៃថ្លៃជាងសេវាទេសចរណ៍សុខាភិបាលនៅក្នុងប្រទេស ថៃ ហើយនិងប្រទេសវៀតណាម ប៉ុន្តែ យើងសូមជម្រាបថា បើសិនជាប្រជាជន កម្ពុជា មានជំងឺដែលពិបាកព្យាបាលនៅក្នុងប្រទេសទាំងនោះ ពួកគេគួរតែអញ្ជើញ ទៅកាន់ប្រទេសកូរ៉េ ដើម្បីទទួលយកការព្យាបាល ដែលមានលទ្ធផលគួរជាទីទុក-ចិត្តបាននៅទីនោះ ព្រោះថា កូរ៉េ ក៏មានទីកន្លែងទេសចរណ៍ ដែលប្រជាជនកម្ពុជា មានការចាប់អារម្មណ៍ខ្លាំងច្រើនដែរ”។
លោកឆាម លី បានមានប្រសាសន៍បន្តទៀតថា “បើយើងនិយាយពីទីផ្សារ ទេសចរណ៍សុខាភិបាល ប្រទេសកម្ពុជា គ្រាន់តែជាទីផ្សារតូចមួយប៉ុណ្ណោះ របស់ កូរ៉េ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ យើងសង្ឃឹមថា នៅពេលខាងមុខ ចំនួន អ្នកទៅទទួលយកសេវានេះពីប្រទេសកម្ពុជា អាចនឹងមានការកើនឡើងច្រើន”។
ប្រទេសកូរ៉េខាងត្បូង បានស្វះស្វែងជាយូរមកហើយក្នុងការទាក់ទាញយក អ្នកទេសចរសុខាភិបាលពីប្រទេសកម្ពុជា ចូលទៅកាន់ប្រទេសរបស់ខ្លួន បើទោះបីជាប្រទេសកម្ពុជា មិនមានទីផ្សារធំទូលាយ ដូចជា ប្រទេសវៀតណាម ដែល នៅក្បែរខាងនេះក៏ដោយ។
កាលពីឆ្នាំ២០១១កន្លងទៅ កូរ៉េ បានចុះកិច្ចព្រមព្រៀងស្តីពីការធ្វើសេវា ទេសចរណ៍សុខាភិបាលជាមួយកម្ពុជា ហើយនៅក្រោមកិច្ចព្រមព្រៀងនេះ ភាគីទាំងពីររំពឹងថា នឹងជំរុញឱ្យមានការផ្លាស់ប្តូរទេសចរណ៍ទៅមកជាមួយគ្នាកាន់តែ ប្រសើរឡើងជាងមុន។
យោងតាមតួលេខរបស់អាជ្ញាធរទេសចរណ៍កូរ៉េ បានឱ្យដឹងថា នៅត្រីមាស ទី១ ឆ្នាំ២០១២នេះ ចំនួនភ្ញៀវទេសចរកម្ពុជា ទៅកាន់ប្រទេសកូរ៉េខាងត្បូង មាន ការកើនឡើងដល់ទៅ៣៥ភាគរយ បើប្រៀបធៀបជាមួយនឹងតួលេខនៅត្រី- មាសទី១ ដូចគ្នានេះកាលពីឆ្នាំមុន។ ដោយឡែក ចំពោះទេសចរណ៍កូរ៉េ មក កាន់កម្ពុជា វិញ នៅត្រីមាសទី១ឆ្នាំ២០១២នេះ តាមការរាយការណ៍របស់ក្រសួង ទេសចរណ៍កម្ពុជា គឺមានចំនួនសរុបដល់ទៅ១៥១.២៣៣នាក់ កើនឡើងចំនួន ៤០,៧ភាគរយ បើប្រៀបធៀបជាមួយត្រីមាសទី១ ឆ្នាំ២០១១ ដែលពេលនោះ មានចំនួនសរុបតែប្រមាណ១០៧.៤៨៩នាក់៕Agor thom