ថ្ងៃទី 13 ខែមិថុនា ឆ្នាំ2012, ម៉ោង 09:17 AM អាន ប៊ុនរ័ត្តនៈ
រមណីយដ្ឋានសំពៅត្រៃលោក ត្រៃលក្ខណ៍ ត្រូវបានកសាងឡើងផ្តោតទៅតាមជំនឿព្រះពុទ្ធសាសនា ទាំងពីរនិកាយ គឺនិកាយមហាយាន និងហីនយាន បូកបញ្ចូលវប្បធម៌ខ្មែរបុរាណ និងប្រវត្តិសាស្ត្រ ខណៈ ដែលប្រទេសកម្ពុជា ស្ថិតនៅក្នុងដំណាក់កាលកកើតទឹកដី។
រមណីយដ្ឋាននេះ ស្ថិតនៅក្នុងភូមិកាលមេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ បែកចេញពីផ្លូវ ជាតិលេខ៦ ចម្ងាយជាង៥គ.ម និងមានចម្ងាយជាង ១៦គ.ម ពីទីរួមខេត្តកំពង់ធំ។
លោកតាលីម លាងឃីម អាយុ៧៦ឆ្នាំ, លោកតា ប៉េង ថៃ អាយុ៧១ឆ្នាំ និងលោកយាយឡេង ភិចគី អាយុ៦៩ឆ្នាំ ពួកគាត់ជាជនជាតិខ្មែរ ដើមកំណើតចិន ជាអ្នកទទួលមើលការខុសត្រូវក្នុងបរិវេណរមណីយ- ដ្ឋាន បានឱ្យដឹងស្របគ្នាថា ពួកគាត់មានគ្នាទាំងអស់១៥ នាក់ ជាសិស្សរបស់ព្រះគ្រូចៅអធិការវត្តលាពាក្យ ព្រះនាមកើត វ៉ាយ (សុគត)។ ព្រះគ្រូអង្គនេះ ក៏ជាគ្រូរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីទេព វង្ស ផងដែរ។ ពួកគាត់ទាំងអស់បានតាំងអាស្រមនៅឆ្នេរស្ទឹងម្ខាង ម្នាក់ ដាក់ខ្លួនដាក់កាយជ្រកកោនក្រោមម្លប់ព្រះពុទ្ធ-សាសនា ហើយត្រូវបានព្រះគ្រូកើត វ៉ាយ បង្គាប់ឱ្យចាត់ ការកសាងរមណីយដ្ឋានថ្មីនេះ ដោយធ្វើសំពៅត្រៃលោកត្រៃលក្ខណ៍ សុំសេចក្តីសុខ ខណៈដែលប្រទេស កម្ពុជា កំពុងតែមានសង្គ្រាម។ ព្រះគ្រូចៅអធិការមុនពេលសុគត បានរំពឹងឈ្វេងយល់ទៅអតីតកាល រួច ប្រាប់សិស្សគណ ថា ទីតាំងរមណីយដ្ឋាននេះ ដើមឡើយ ជាមហាសមុទ្រ កកើតជាទឹកដីមុនកន្លែងឯទៀត ដោយមានសំពៅបើកក្តោងមកជាប់កឿង លិចលង់ មិនទាន់ទៅចាប់កំណើតអស់នៅឡើយ។ ដូច្នេះការ ដែលសប្បុរសជន ទាយកទាយិកា ធ្វើបុណ្យបញ្ជូន សំពៅឱ្យអណ្តែតតាមខ្សែទឹកទៅនោះ គឺក្នុងន័យជួយ បញ្ជូនព្រលឹងសត្វលោកដែលមានកម្ម ឱ្យឆាប់បាន បដិសន្ធិនាភពថ្មីទៀត។ មុនដំបូង ពួកគាត់ធ្វើសំពៅពីដើមចេក ក្តារឈើ ដែលគិតមកទល់បច្ចុប្បន្ននេះ មាន ចំនួន៧៨០សំពៅហើយ ដែលបានបណ្តែតចេញពីទីនេះ។
លោកតា-លោកយាយ ឆ្មាំរមណីយដ្ឋាន បានឱ្យ ដឹងទៀតថា ព្រះគ្រូចៅអធិការកើត វ៉ាយ មានបារមី ខ្លាំងពូកែណាស់ ព្រោះកាលព្រះអង្គនៅគង់ព្រះជន្មនៅ ឡើយ គឺមិនខុសពីសម្តេចព្រះសង្ឃរាជ ជួន ណាត នោះ ឡើយ គឺព្រះអង្គចេះស្តាប់ភាសាសត្វ និងទ្រង់ញាណ ដឹងហេតុការណ៍មុនទាំងអស់ ពុំអាចកំបាំងពីព្រះនេត្រ ព្រះកាណ៌របស់ព្រះអង្គឡើយ។ ទោះជាព្រះអង្គសុគត ទៅហើយក្តី ក៏បារមីព្រះអង្គនៅកាន់រូបស្នង ដើម្បីជួយ សង្គ្រោះមនុស្សលោកដែលជួបបញ្ហា។ ដោយសារតែ ពុទ្ធបរិស័ទ និងសិស្សគណៈ ចងចាំបណ្តាំព្រះអង្គ ទើបម្នាក់ៗ មិនព្រងើយកន្តើយឡើយ ក្នុងការធ្វើឱ្យសម្រេចបាននូវសមិទ្ធផលផ្សេងៗ ប្រតិស្ថានទុកនៅទីនេះ។ ជាក់ស្តែង លោកជំទាវបណ្ឌិតឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន, លោកជំទាវអ៊ឹង ស៊ីស៊្រាន់ និងលោកឧកញ៉ា ផៃ ហុងឈួន បានចំណាយបច្ច័យរាប់ម៉ឺនដុល្លារ ក្នុង ការកសាង គិតពីឆ្នាំ២០០៦ មក។ សព្វថ្ងៃ រមណីយ- ដ្ឋានថ្មីនេះ បានក្លាយទៅជាបូជនីយដ្ឋានស័ក្តិសិទ្ធិ សម្រាប់អ្នកមានជំនឿចូលទៅបន់ស្រន់។ សមិទ្ធផល ទាំងអស់ កសាងឡើងតាមបញ្ជាបារមីព្រះគ្រូកើត វ៉ាយ ទាំងអស់ ទាំងក្បាច់ចម្លាក់សុទ្ធតែយកគំរូតាមប្រាសាទ បុរាណនានា ដោយជ្រើសរើសយកជាងចម្លាក់មាន ទេពកោសល្យមកពីសាលារចនា រាជធានីភ្នំពេញ។ ទីទួលនេះ មានឈ្មោះថា “កំពង់រង់ចាំ” គឺរង់ចាំអ្នក មាននិស្ស័យឆ្លងផុតវាល៣ ទៅជួបព្រះសិអារ្យមេត្រី ក្នុងអនាគតជាតិ។ សំពៅត្រៃលោកត្រៃលក្ខណ៍ មាន កម្ពស់រហូតដល់៣៣ម៉ែត្រ ទទឹង១២,៨ម៉ែត្រ និងមាន បណ្តោយ៧២ម៉ែត្រ ដោយមានសំពៅមាស សំពៅ ប្រាក់ បុស្បុកតម្កល់រូបសំណាកតេជោដំឌិន នេនរោង ព្រះគោព្រះកែវ ព្រះជេតពន ព្រះយមរាជ ព្រះអង្គ៨ទិស ព្រះធរណី ព្រះគង្គា នៅអមសំពៅធំ ព្រមទាំងសាលា បុណ្យ សាលាទទួលភ្ញៀវ ដែលគ្រោងសម្ពោធឆ្លងនៅ ដើមឆ្នាំ២០១៣ ខាងមុខនេះ។
លោកតាតឹក សេងឆាយ អាយុ៧៩ឆ្នាំ និងលោកតាស្រីឆែ អាយុ៧២ឆ្នាំ ជាអ្នកទទួលខុសត្រូវក្នុងការកសាង និងជាឆ្មាំសំពៅ ក៏បានឱ្យដឹងស្របគ្នាផងដែរថា សព្វថ្ងៃ ទីនេះ មានភ្ញៀវមកកម្សាន្តតាមលក្ខណៈទេសចរណ៍ និងមកធ្វើបុណ្យសុន្ទរ៍ទានតាមលក្ខណៈសាសនា រាប់សិបនាក់ក្នុង១ថ្ងៃៗ មិនដែលដាច់ឡើយ។
អ្នកទេសចរភាគច្រើនមិនដែលស្គាល់ទីតាំងរមណីយដ្ឋាន ថ្មីនេះទេ លុះបានមកដល់ ក៏មានអារម្មណ៍ជ្រះថ្លា ស្បើយ ទុក្ខអស់មួយរំពេច។ ពួកគាត់ជឿថា បើសិនជាអាជ្ញាធរ ជាពិសេស មន្ទីរទេសចរណ៍ និងមន្ទីរវប្បធម៌ ជួយគាំពារថែរក្សាសមិទ្ធផលនេះឱ្យដល់កម្រិត រមណីយ- ដ្ឋានថ្មីនេះ នឹងមានកំណើនភ្ញៀវទេសចរកាន់តែច្រើន ជាងនេះមិនខានឡើយ៕agkor thom