ដោយ ៖ ឡុង សំបូរ
ថ្ងៃទី 15-01-2011 ម៉ោង 11:22:27
ថ្ងៃទី 15-01-2011 ម៉ោង 11:22:27
អូរ ឫស្សីកណ្ដាល គឺជាតំបន់ទេសចរណ៍ធម្មជាតិមួយប្រកបដោយសក្ដានុពលដ៏ល្អឯកមាន ដងអូរ ទឹកហូរធ្លាក់ចុះមកថ្លាដូចកញ្ចក់ត្រជាក់ប្រៀបដូច ជាទឹកអម្រិត ហ៊ុំព័ទ្ធទៅដោយព្រៃព្រឹក្សាលក្ខតាវល្លិ៍ ដុះវៀនពាសពេញនៅតាមជ្រលងដងអូរចោលម្លប់ដ៏សែនត្រជាក់ លម្អងផ្កាព្រៃចោលក្លិនក្រអូបប្រហើរគួរជាទីស្នាក់អាស្រ័យនៃ ហ្វូងមច្ឆា សត្វម្រឹគីម្រឹគា មនុស្សម្នា និងភ្ញៀវទេសចរណ៍ពីទីជិតទីឆ្ងាយ ដ៏គួរជាទីរំភើប និងទាក់ទាញអារម្មណ៍យ៉ាងក្រៃលែង ។ រមណីយដ្ឋាននេះមានចម្ងាយផ្លូវដោយត្រូវចេញដំណើរពីទីរួមខេត្ដ ស្ទឹងត្រែង ហើយធ្វើដំណើរទៅទិសខាងត្បូងនៃទីរួមខេត្ដប្រមាណជា១៧គ.មចូល តាមច្រកទ្វារវត្ដប្រមាណជា២គ.មទៀតនឹងទៅដល់ទីកម្សាន្ដនោះ ហើយ។ រមណីយដ្ឋាននេះ ស្ថិតក្នុងភូមិ កូនឬស្សីកណ្ដាលឃុំ អូរឫស្សីកណ្ដាល ស្រុកសៀមបូក ខេត្ដស្ទឹងត្រែង ។
យោង តាមសៀវភៅមគ្គុទេសទេសចរណ៍ភូមភាគឦសានបាន បញ្ជាក់ប្រសាសន៍ លោក នៅ កុសល មន្ដ្រីសម្របសម្រួលគម្រោង នៃអង្គការម្លប់បៃតងប្រចាំខេត្ដស្ទឹងត្រែងថា ដោយមើលឃើញសក្ដានុពលធម្មជាតិដ៏គួរឱ្យទាក់ទាញអារម្មណ៍ភ្ញៀវ ទេសចរណ៍បែបនេះ ក្រសួងទេសចរណ៍បាន និងកំពុងគាំទ្រដោយលើកទឹកចិត្ដដល់ការអភិវឌ្ឍន៍តំបន់ទេសចរណ៍ អូរឫស្សីកណ្ដាលនេះ។
បង ស្រី ចាន់ ធី អាយុ៤៧ឆ្នាំ រស់នៅជិតរមណីយដ្ឋាននោះបានបង្ហើបឱ្យដឹងថា គាត់មានការរំភើបសប្បាយយ៉ាងខ្លាំង ដោយសារគាត់មានលំនៅក្បែរកន្លែងកម្សាន្តប្រកបដោយខ្យល់អាកាស បរិសុទ្ធ ដែលភាយចេញពីធម្មជាតិពិតៗ វាជាមណ្ឌលប្រមូលផ្ដុំភ្ញៀវទេសចរណ៍យ៉ាងច្រើនក្រាស់ក្រែល ជាពិសេសនៅពេលមានបុណ្យជាតិធំៗភ្ញៀវមកកម្សាន្ដទីនេះក្នុង មួយថ្ងៃៗមានមិនក្រោម ពី២០០ ទៅ៣០០នាក់ឡើយ។ បើគិតជាមធ្យមទាំងអស់នេះគឺជាគោលបំណងដែលគាត់ក៏ដូចអ្នកដទៃ ទៀតចង់បាន ព្រោះគាត់អាចស្រូបយកថវិកាពីភ្ញៀវបានដោយគាត់គ្រាន់តែចំណាយ កម្លាំង និងពេលវេលាមកលក់ដូរគ្រឿងឧបភោគបរិភោគតែប៉ុណ្ណោះ ដោយសារការលក់ដូរ នេះអាចជួយសម្រាលឱ្យគាត់មានជីវភាពធូរធារជាងពេលមុនៗ ហើយវិស័យទេសចរណ៍នៅក្នុងតំបន់គឺជាស្ពានចម្លងឱ្យពលរដ្ឋរស់នៅ ទីនោះឆ្លងផុតពីភាពក្រីក្រ។
ម ន្ដ្រីអង្គការម្លប់បៃតងប្រចាំខេត្ដមានរបររកស៊ីលក់ដូរ និងមានការងារបន្ទាប់បន្សំនៅទីនោះបានឱ្យដឹងថា នៅរៀងរាល់ពិធីបុណ្យ ជាតិម្ដងៗ កាលពីមុនលោកមេឃុំបានដាក់ដេញថ្លៃទីនេះ ទៅឱ្យផ្នែកឯកជនសម្រាប់ឱ្យធ្វើការរៀបចំ និងគ្រប់គ្រងតែក្រោយមកបានប្រគល់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រង និងរៀបចំដោយអង្គការម្លប់បៃតង ហើយបានបង្កើតសហគមន៍សម្រាប់អភិរក្ស និងធ្វើការអភិវឌ្ឍតំបន់រមណីយដ្ឋាននេះឱ្យមានលក្ខណៈល្អប្រសើ រ។
កញ្ញា លួន ធានី អនុប្រធានមន្ទីរទេសចរណ៍ខេត្ដបានមានប្រសាសន៍បំភ្លឺដោយ រាក់ទាក់ថាបច្ចុប្បន្នតំបន់អេកូទេសចរណ៍អូរឫស្សីកណ្ដាល ឬហៅថា ល្បាក់ទឹកហូរ អូរប្រឡង់ ត្រូវបានអភិរក្ស ដោយអង្គការ ម្លប់បៃតង ក្រោមជំនួយថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសហគមន៍ផលិតផលកែឆ្នៃផ្ដៅក្រោមជំនួយថវិការបស់អង្គការអុកហ្វាម (Oxfam) នៃប្រទេសអង់គ្លេសសម្រាប់អភិរក្ស និងការអភិវឌ្ឍន៍ ។
កញ្ញាអនុប្រធានមន្ទីរបានបន្ដឱ្យដឹងទៀតថា នៅពេលបច្ចុប្បន្ន និងថ្ងៃអនាគត មន្ទីរទេសចរណ៍ខេ ត្ត និងបើកវគ្គបណ្ដុះបណ្ដាលដល់មន្ដ្រីសហគមន៍ទាំងអស់ឱ្យចេះពី របៀបគ្រប់គ្រងរៀបចំ និងពង្រីកសមត្ថភាពផ្នែកសេវាកម្មបានដូចជា បដិសណ្ឋារកិច្ច ការលក់ដូរ និងការធ្វើមុខម្ហូប...។ល។ ហើយមន្ទីរនឹងខិតខំស្វែងរកថវិកាបន្ថែមសម្រាប់អភិវឌ្ឍន៍តំបន់ នេះឱ្យក្លាយទៅជារមណីយដ្ឋានដ៏ទាក់ទាញពិតៗ និងដ៏មានចំណាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ភ្ញៀវ ទេសចរណ៍នៅក្នុងស្រុកដែលបានទៅកម្សាន្ដនៅទីនោះនាពេលបុណ្យ ភ្ជុំបិណ្ឌបានលើកឡើងថា ទីនោះគឺជាទីកម្សាន្ដមួយដ៏សែន មនោរម្យដែលស្ទើរតែឈានជើងចេញមិនរួចអ្វីៗក៏ល្អទាំងអស់តែគួរ ឱ្យស្ដាយ ព្រោះនៅពេលធ្វើដំណើរចេញចូលផ្លូវមានលក្ខណៈតូចចង្អៀតពេក ហើយមនុស្សប្រមឹកបើករថយន្ដចេញមកលឿនដូចហោះបង្ហុយដីដាក់ភ្ញៀវ រី ឯសំរាមបានបោះរាយប៉ាយពេញទីកម្សាន្ដគ្មាន អនាម័យ ល្អ។ ពួកគាត់និយាយថា អាជ្ញាធរ ឬស្ថាប័នពាក់ព័ន្ធគួរតែពិនិត្យមើលករណីនេះផង ៕
