»មិនមែនជារឿងធម្មតាឡើយដែលអាជ្ញាធរអប្សរាបានចេញការកំណត់ភ្ញៀវក្នុងការ ឡើងទៅកាន់ប្រាសាទភ្នំបាខែងមើលព្រះអាទិត្យអស្ដង្គត ខណៈដែលអាជ្ញាធរអប្សរាកំណត់ភ្ញៀវឱ្យឡើងប្រាសាទភ្នំបាខែងតែ៣០០នាក់ ក្នុងមួយវេនតែប៉ុណ្ណោះ ដែលមុននេះចំនួនភ្ញៀវឡើងមានដល់ទៅរាប់ពាន់នាក់ក្នុងមួយថ្ងៃៗដោយអាជ្ញាធរសំដែងការព្រួយបារម្ភក្រែងមានគ្រោះថ្នាក់ ព្រោះប្រាសាទមានភាពទ្រុឌទ្រោមហើយបរិមាណភ្ញៀវកាន់តែច្រើនឡើងៗរៀងរាល់ថ្ងៃ។ ប្រជាជនកម្ពុជាដែលមិនធ្លាប់បានឡើងទៅមើលព្រះសុរិយាពេលជិតយប់ ហាក់ដូចជាភ្ញាក់អារម្មណ៍ថា តើវាអស្ចារ្យប៉ុណ្ណាដែលមនុស្សក្រៅស្រុកទាំងឡាយបានសម្រុកចូលមក ហើយឡើងទៅលើកំពូលភ្នំបាខែងដើម្បីមើលទេសភាពដ៏អសារ្យនោះ។ ភ្ញៀវបរទេសជាពិសេសបស្ចឹមប្រទេសបានហៅកំពូលភ្នំបាខែងថាជាចំណុចអាថ៌កំបាំងក្នុងការមើលទេសភាពដ៏ប្រណីតពេលព្រះសុរិយា អស្ដង្គតហើយតែងតែនិយាយថា វាជាចំណុចតែមួយគត់នៅលើលោកយើងនេះ។
ប្រាសាទនេះជាប្រភេទប្រាសាទបុរាណខ្មែរបែបហិណ្ឌូកសាងឡើងនៅចុងសតវត្សទី៩ ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័ន(៨៨៩-៩១០)សម្រាប់ឧទ្ទិសថ្វាយដល់ព្រះសិវៈ។ ប្រាសាទនេះឋិតនៅលើកំពូលភ្នំបាខែងនៅពីខាងឆ្វេងដៃផ្លូវទៅកាន់ក្រុងអង្គរធំ ដែលព្រះបាទយសោវរ្ម័នទ្រង់បានកសាងនៅទីនោះសម្រាប់តម្កល់សិវលិង្គ យសោធរេស្វរៈដោយសន្មតថាជាភ្នំព្រះសុមេរុលំនៅរបស់អាទិទេព។ភ្នំបាខែងឬភ្នំកណ្ដាលជារាជធានីអង្គរទី១(យសោធបុរៈ) បច្ចុប្បន្នជាទីមនោរម្យក្រៃលែងសម្រាប់ទេសចរនានាទាំងបរទេសនិង ជនជាតិខ្មែរក្នុងការគយគន់ទេសភាពដ៏ប្រណីតនៃសូរិយារៀបអស្ដង្គតនិងប្រាសាទអង្គរវត្ដដែលឋិតនៅកណ្ដាលព្រៃ ចម្ងាយប្រមាណ១,៥គីឡូម៉ែត្រ។ប្រាសាទនេះត្រូវបានអ្នកប្រវត្ដិសាស្ដ្រចាត់ទុកថាជាមូលដ្ឋានក្នុង ការកសាងប្រាសាទផ្សេងៗទៀតនៅក្នុងតំបន់អង្គរក្រោយពេលដែលព្រះបាទយ សោវរ្ម័នទ្រង់បានចូលមកតាំងរាជធានីនៅទីនោះបន្ទាប់ពីរាជធានីហរិហរាល័យឬហៅថារលួស។ ហើយព្រាហ្មណ៍បានរៀបចំទុកដាក់លិង្គរបស់ព្រះសិវៈនៅលើកំពូលភ្នំយសោធរគិរីគឺសំដៅដល់ភ្នំបាខែងនេះឯង។ ប្រាសាទភ្នំបាខែងមានរាងជាពីរ៉ាមីដបែរមុខទៅទិសខាងកើតមានទំហំ៧៦ ម៉ែត្រការ៉េ មានកម្ពស់៤៥ម៉ែត្រ មានកំពូល១០៨និងមាន៧ជាន់គឺជាន់ក្រោមថ្នាក់ទាំង៥និងជាន់ខាងលើ ដែលតំណាងឱ្យឋានសួគ៌ទាំង៧ជាន់របស់ព្រះឥន្ទនៅក្នុងទេវកថារបស់ព្រហ្មញ្ញសាសនា។ កំពូលទាំង១០៨មានលក្ខណៈតំរៀបស្មើៗគ្នា គឺមាន១២នៅតាមថ្នាក់ទាំង៥និង៤៤ប្រាង្គនៅជាន់ខាងក្រោមរីឯនៅ កំពូលខាងលើមានប្រាង្គ៤តំរៀបតាមទិសនីមួយៗ ហើយប្រាង្គដែលធំជាងគេមួយនៅចំកណ្ដាលកំពូលខាងេលី។ ប្រាង្គទាំងអស់មានសភាពទ្រុឌទ្រោមដួលរលំអស់មួយចំនួនធំ ហើយជាពិសេសប្រាង្គកណ្ដាលដែលធំជាងគេបានបាក់នៅសល់តែមួយកំណាត់ ប៉ុណ្ណោះ។ ប្រាង្គទាំង១២នៅតាមថ្នាក់ទាំង៥តំណាងឱ្យសត្វទាំង១២នៃវដ្ដ ឆ្នាំហើយប្រាង្គទាំង១០៨ជានិមិត្ដរូបនៃចន្លោះពេលច័ន្ទគតិទាំង៤ដែលរយៈពេលនីមួយៗមាន២៧ថ្ងៃ។ ហើយនៅតាមទិសនីមួយៗគេអាចមើលឃើញប្រាសាទភ្នំបាខែងនេះមានកំពូលតែ៣៣ ប៉ុណ្ណោះដែលតំណាងឱ្យទេព្ដាទាំង៣៣អង្គនៅក្នុងលទ្ធិព្រាហ្មណ៍។ ភ្នំនេះនៅក្នុងសិលាចារឹកឈ្មោះថាជាភ្នំកណ្ដាលទំនងដោយសារតែភ្នំនេះឋិតនៅចំកណ្ដាលទីក្រុងយសោធបុរៈ និងឋិតនៅចំកណ្ដាលបើធៀបទៅនឹងប្រាសាទភ្នំពីរទៀតគឺភ្នំក្រោមនិង ភ្នំបូកដែលជាស្នាព្រះហស្ថរបស់ទ្រង់យសោវរ្ម័នដូចគ្នា។ជណ្ដើរឡើងទៅលើនៃប្រាសាទមានលក្ខណៈចោតខ្លាំងប្រមាណ៧០អង្សាសេ ដែលនៅតាមថ្នាក់នីមួយៗមានសត្វតោឈរយាមផ្លូវ ៕

