
ទឹកធ្លាក់កាចាញ និងកាទៀង
មានទីតាំង នៅក្នុងភូមិសាស្ត្រក្រុងបានលុង ខេត្តរតនគិរី មាន ចម្ងាយពីទីរួមខេត្ត តែជាង៥គីឡូម៉ែត្រប៉ុណ្ណោះ។ នៅតាមផ្លូវចូលទៅកាន់រមណីយដ្ឋាននេះ អមដោយ ព្រៃព្រឹក្សាខៀវស្រងាត់ និងមានភូមិដ្ឋានបងប្អូន ប្រជាពលរដ្ឋជនជាតិភាគតិច តាំងនៅជាហូរហែ គួរឱ្យចាប់ចិត្តដិតអារម្មណ៍ណាស់។ ទិដ្ឋភាពសងខាងផ្លូវ ដែលមាននៅលើទឹកដីភូមិភាគឦសាននេះ បានទាក់ទាញអារម្មណ៍អ្នកទេសចរជាតិ-អន្តរជាតិ ឱ្យអណ្តែត- អណ្តូង ស្រមើស្រមៃទៅដល់អតីតកាល ខណៈដែល ពីមុន បងប្អូនទាំងនោះ គឺជាកុលសម្ព័ន្ធកាន់ប្រពៃណី តឹងរ៉ឹង លុះបច្ចុប្បន្ន ដោយមានការផ្សព្វផ្សាយ-ទូលំទូលាយ ជាពិសេស ដោយសារមាតុភូមិចេះតែ មានការអភិវឌ្ឍន៍ ទើបធ្វើឱ្យជីវភាពរបស់បងប្អូន មានការប្រែប្រួលទៅតាមសម័យនិយម។
ពេលទៅដល់រមណីយដ្ឋានទឹកធ្លាក់ អ្នកទេសចរ អាចចុះងូត និងហែលទឹកលេងយ៉ាងសប្បាយ ដោយ- ខ្សែភ្នែកគន់រំពៃទិដ្ឋភាពទឹកធ្លាក់ ចេញពីក្រហែងថ្មភ្នំ ឮសូរគគុកគគាក់ បែកផ្កាត្រែង រួចហូរទៅរកទីទំនាប មានពណ៌ថ្លាយង់ ត្រជាក់ដូចអម្រឹត។ ចាត់ទុកជាទឹក ដ៏ពិសិដ្ឋ សម្រាប់ព្យាបាលរបួសដួងចិត្ត ឱ្យជាសះស្បើយ បាន ឬជាឱសថដ៏ស័ក្តិសិទ្ធិ សម្រាប់អ្នកមានវិបត្តិស្នេហ៍ ដែលរស់រងសោកាដោយសង្សារបែកចិត្ត ពេលបាន ក្រេបទឹកអម្រឹតនេះ អ្វីៗនឹងបានធូរស្រាលដូចគេបេះ។
ក្រៅពីការចុះងូតទឹកកម្សាន្ត គេអាចជួលដំរី ជិះគយគន់ទិដ្ឋភាពព្រៃព្រឹក្សាលតាវល្លិ ដោយមាន ហ្មដំរី ជាជនជាតិភាគតិច ជាអ្នកបរជូន ក្នុងតម្លៃថោកសមរម្យ។ ពូៗហ្មដំរី ចេះបកស្រាយពន្យល់អ្នកជួល- ដំរីគាត់ជិះ ឱ្យស្គាល់ពីឈ្មោះដើមឈើ ទីកន្លែងស័ក្តិសិទ្ធិ ពីដូនតាពួកគាត់ ជាមួយនឹងសំនៀងភាសាខ្មែររដឺនៗ គួរឱ្យចង់ស្តាប់។

លោកពលបាលទោ ធិច វារៈ នគរបាលប៉ុស្តិ៍រដ្ឋបាលកាទៀង បានឱ្យដឹងថា លោកជាជនជាតិព្រូវ បានចូលធ្វើប៉ូលិស ជាង៥ឆ្នាំហើយ។ ចំពោះភ្ញៀវទេសចរ ដែលមកកម្សាន្តនៅតំបន់ទឹកធ្លាក់នេះ គឺ ច្រើនជាងឆ្នាំទៅទ្វេដង ទាំងភ្ញៀវជាតិ និងអន្តរជាតិ។ ភាពទាក់ទាញនេះ ក៏ដោយសារទីនេះ មានសេវាកម្ម រហ័សទាន់ចិត្ត ទិដ្ឋភាពស្រស់បំព្រង ធ្វើឱ្យភ្ញៀវចាប់អារម្មណ៍ មិនចេះធុញទ្រាន់។
កញ្ញាគីម ស៊្រី អាយុ១៩ឆ្នាំ បាននិយាយថា នាងឧស្សាហ៍មកងូតទឹកលេងនៅទីនេះ ព្រោះវាធ្វើឱ្យ នាងសប្បាយជាមួយនឹងទិដ្ឋភាពស្រស់បំព្រង ឮតែ សំឡេងទឹកធ្លាក់ និងសូរស័ព្ទបក្សាបក្សីយំឆ្លើយ-ឆ្លងគ្នា គួរឱ្យរំភើបណាស់។ នាងធ្លាប់ទៅកម្សាន្តដល់ ទឹកជ្រោះប៊ូស្រា ខេត្តមណ្ឌលគិរី ឯណោះ តែក៏មិន- លើសទីនេះប៉ុន្មានទេ។ ជាងនេះទៀត លោកតាម្ចាស់- ទឹកម្ចាស់ដីនៅទីនេះ ពូកែស័ក្តិសិទ្ធិណាស់ នាងតែងតែ ចូលអុជធូបបន់ស្រន់ សុំសេចក្តីសុខចម្រើនទៀតផង។
លោកឡេង សាង អាយុ៣៩ឆ្នាំ ចៅសង្កាត់រង កាចាញ បានឱ្យដឹងថា គ្រាន់តែចូលដល់ដើមឆ្នាំ២០១១ ភ្លាម ក៏មានមនុស្សម្នាចូលមកមុជទឹកកម្សាន្តច្រើនជាង បណ្តាឆ្នាំមុនៗឆ្ងាយណាស់។ កត្តាទាំងនេះ ក៏ដោយ- សារមានទេសភាពស្រស់បំព្រង បៃតងគ្រប់រដូវ មាន ការរៀបចំសណ្តាប់ធ្នាប់ល្អ ម្ហូបអាហារថោកសមរម្យ អនាម័យបរិស្ថានក៏ល្អ ព្រោះតែអាជ្ញាធរយកចិត្ត-ទុកដាក់ថែរក្សាជាប្រចាំ។
អ្នកស្រី ស ធីតា អាយុ៣៨ឆ្នាំ មកពីស្រុកពារាំង ខេត្តព្រៃវែង បានឱ្យដឹងថា អ្នកស្រីមកកម្សាន្តទីនេះ ជាលក្ខណៈគ្រួសារ ជិះពេញ១ឡាន មានគ្នាជាង១០ នាក់។ ការមកលេងទីនេះ ព្រោះចង់ឱ្យប្លែកភ្នែក ប្លែកអារម្មណ៍ ចង់ស្គាល់ជីវភាពបងប្អូនជនជាតិភាគតិច ជាពិសេស ចង់ងូតទឹកជ្រោះតែម្តង ព្រោះល្បីថា អាច ព្យាបាលជំងឺស្រាលៗ ជាសះស្បើយ។
លោកយាយព័រ អាយុ៦៨ឆ្នាំ មកពីខេត្តព្រៃវែង បានមានប្រសាសន៍ទាំងញញឹមថា គាត់ចំណាស់នេះ ហើយ ចង់ស្គាល់រមណីយដ្ឋាននានា នៅភាគឦសាន ទើបសម្រេចចិត្តមកជាមួយកូនចៅ ឱ្យស្គាល់ទឹកធ្លាក់ កាចាញ-កាទៀង ម្តងទៅ។ គាត់ចាប់អារម្មណ៍ណាស់ ពេលឃើញក្រមុំៗជនជាតិស្ពាយកាផា មកពីបេះផ្លែឈើ ក្នុងព្រៃ គាត់ស្តាប់ភាសាពួកគេមិនបានសោះ តែ ទទួលស្គាល់ថា ពួកគេមានប្ញកពៃថ្លថ្នូរណាស់។ ចំពោះទឹកជ្រោះនេះ គាត់បានចុះងូតដែរ ហើយពុំចង់ ឡើងសោះ ព្រោះវាធ្វើឱ្យគាត់ស្រួលខ្លួន បាត់ឈឺឆ្អឹង- ឆ្អែង។ រីឯម្ហូបអាហារ និងតម្លៃផ្ទះសំណាក់ ទោះជា ថ្លៃជាងស្រុកគាត់បន្តិច ក៏មិនអីដែរ ព្រោះតំបន់ទេស- ចរណ៍ រឿងតម្លៃខ្ពស់ ជាការធម្មតាទេ៕