Written by ភ្នំពេញដេលីញូវ | |
Thursday, 24 May 2012 12:59 | |
រមណីយដ្ឋានជាច្រើននៅក្នុងទឹកដី ខេត្តបាត់ដំបង ស្ថិតក្នុង ភូមិភាគពាយព្យ នៃប្រទេសកម្ពុជាយើងនេះ រួមមាន រមណីយដ្ឋាន ភ្នំសំពៅ ប្រាសាទបាណន់ អាងកំពីងពួយ ទឹកជ្រោះពេជ្រចិន្តា ជា ដើម ៘ ប៉ុន្តែអ្វីដែលប្លែកជាងនេះទៅទៀតនោះ បើយើងបានធ្វើដំណើរទៅកាន់តំបន់មួយនៃស្រុកសំឡូតជាប់ព្រំដែននោះ យើង នឹងបានឃើញទេសភាពទឹកជ្រោះធម្មជាតិដែលអ្នកស្រុកភូមិក្បែរ នោះដាក់នាមថា ទឹកជ្រោះអូរជាំ ព្រោះទឹកជ្រោះអូរនេះមានសក្តានុពលពីធម្មជាតិដ៏ល្អគួរជាទីមនោរម្យសម្រាប់ទាក់ទាញចក្ខុន្ទ្រិយារម្មណ៍ឱ្យនឹកគិតពី តម្លៃនៃព្រៃធម្មជាតិដ៏ត្រកាលមួយនេះ ។ ទឹកជ្រោះអូរជាំនេះ បើយើងធ្វើដំណើរដោយរថយន្តយើងចំណាយ ពេលតែ ២០ នាទី ចេញពីទីរួមស្រុកសំឡូត នឹងដល់ទីនោះ ។ បច្ចុប្បន្ន នេះយើងនឹងបានសប្បាយជាមួយព្រៃធម្មជាតិដែលដុះនៅតាមដងផ្លូវលំ បត់បែនវែងឆ្ងាយ ហើយពិសេសទៅទៀតនោះពេលយើងក្រឡេកមើល ទៅលើមែកព្រឹក្សា យើងនឹងបានឃើញហ្វូងសត្វបក្សាបក្សី ហើរលាយឡំ នឹងសម្រែកយំទ្រហឹងអឺងកងពេញដងព្រៃគួរជាទីទាក់ទាញ ។ សំឡេងដ៏ កម្របែបនេះបានធ្វើឱ្យ អារម្មណ៍អ្នកទស្សនាបានធូរស្បើយពីក្តីកង្វល់ និង ទុក្ខព្រួយផ្សេងៗ ។ កញ្ញា ស៊ុម ចិន្តា មានអាយុ ២៤ ឆ្នាំ ដើមកំណើតនៅទីរួមខេត្ត បាត់ដំបងបាននិទានអំពីដំណើរកម្សាន្ត របស់នាងប្រាប់អ្នកយកព័ត៌មាន យើងថា នារដូវបុណ្យទានផ្សេងៗនាងក៏ដូចជាមិត្តភក្តិរបស់នាងតែងមក លេងកម្សាន្តក្នុងទឹកដីស្រុកសំឡូតនេះ ព្រោះថានៅទឹកដីនេះមានសក្តានុពល អំណោយផលដល់ផ្នែកកសិកម្ម និង ជាពិសេសជាងគេនោះនាងសំដៅលើទឹកដី ជ្រោះអូរជាំនេះតែម្តង ។ កន្លងមកនាងបាននាំមិត្តរួមការងាររបស់ នាងនៅឯខេត្ត បាត់ដំបង និង រាជធានីភ្នំពេញមកទស្សនា និង ដើរលេងរមណីយដ្ឋានធម្មជាតិ ពោរពេញទៅដោយភាពស្ងាត់ជ្រងំមិនអ៊ូអរដូចរមណីយដ្ឋាននានានោះឡើយ ។ នាងបានបន្តទៀតថា ទឹកជ្រោះអូរជាំនេះមានទេសភាពល្អមែនទែន ហើយតំបន់ ធម្មជាតិមួយនេះទើបតែរកឃើញក្នុងរយៈពេលជាង មួយឆ្នាំប៉ុណ្ណោះ ។ កន្លងមក ទីតាំងនេះជាជម្រកនៃពួកខ្មែរក្រហមស្នាក់នៅ ប៉ុន្តែក្រោយពីមានសមាហរណកម្ម នៅឆ្នាំ ១៩៩៧ តំបន់នេះបានប្រែក្លាយមុខមាត់ថ្មីពីសមរភូមិប្រយុទ្ធមកជាដីចម្ការ ពណ៌បៃតងខៀវខ្ចីញេរពេញទៅដោយដំណាំកសិកម្ម មានដូចជា វាលដំឡូងមីចម្ការ សណ្តែកសៀង និង ដំណាំរួមផ្សំជាច្រើនមុខទៀត ។ និយាយរួមទឹកជ្រោះអូរជាំ នេះមានទីតាំងធំទូលាយ ផ្នែកខាងក្រោមក្រាលដោយថ្ម បាយក្រៀមតូចធំលាយឡំ នឹងពពួកថ្មភក់ ខ្លះមានរាងដូចសត្វអណ្តើក ដំរី ជាដើម ៘ ចំណែកផ្ទៃទឹកវិញ មានពណ៌ខៀវថ្លាយង់ឆ្លុះឃើញដល់បាតដី មានទាំងហ្វូងមច្ឆាគ្រប់ប្រភេទដែល កើតចេញពីធម្មជាតិសុទ្ធៗ ប៉ុន្តែអ្វីដែលយើងត្រេកត្រអាលនោះ គឺទឹកមានសភាព ត្រជាក់ខ្លាំងដូចទឹកអម្រឹត ។ បើអ្នកមិនចេះហែលទឹកទេនោះអ្នកនឹងមានអារម្មណ៍ ថាខ្លាចមិនខានឡើយ ។ កញ្ញា ជា ដាលីន បាននិយាយថា នាងជាអ្នកខេត្តសៀមរាប ពេលនេះនាង បានមកឃើញទឹកជ្រោះអូរជាំ នេះជាលើកទីមួយ ។ អ្វីដែលធ្វើឱ្យនាងមានអារម្មណ៍ ស្រស់ស្រាយនោះ គឺនាងបានទទួលនូវភាព ខុសប្លែក ពោលគឺទឹកជ្រោះនេះមានសភាពល្អ បែបធម្មជាតិ ហើយអ្វីដែលធ្វើឱ្យនាងចាប់ចិត្ត ជាងគេ គឺវាលចម្ការដ៏ស្រស់ខៀវខ្ចីដាច់កន្ទុយ ភ្នែក ។ ទឹកជ្រោះនេះបើរាជរដ្ឋាភិបាលមាន ការអភិវឌ្ឍផ្លូវឱ្យល្អជាងនេះអាចអូសទាញភ្ញៀវ ជាតិ និង អន្តរជាតិបានកាន់តែច្រើន ។ សំខាន់ ទៀតនោះ គឺដំណាំកសិផលដែលបងប្អូនធ្វើ បានហើយអាចលក់ជូនភ្ញៀវជាតិបានដោយមិន បាច់ចំណាយពេលយូរឡើយ ។ កញ្ញាបានបន្ត ថា នៅឆ្នាំក្រោយៗកញ្ញានឹងមកលេងនៅទីនេះ ទៀត ពីព្រោះវាជាទឹកជ្រោះបែបធម្មជាតិសុទ្ធ សាធកម្ររកបានណាស់ ។ ជាចុងបញ្ចប់នាង បានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច ជា ពិសេសក្រសួងទេសចរណ៍ សូមមេត្តាគប្បី មកមើល និង ថែរក្សាទឹកជ្រោះអូរជាំនេះផង ព្រោះវាជាសម្បត្តិធម្មជាតិមិនអាចកាត់ថ្លៃ បានរបស់ខ្មែរយើង ។ ការដែលសំខាន់ទៀត នោះសូមឱ្យបងប្អូនអ្នកទេសចរទាំងឡាយត្រូវ ចេះស្រឡាញ់បរិស្ថានឱ្យដូចជាយើងស្រឡាញ់ ខ្លួនរបស់យើង ទើបអាចអូសទាញភ្ញៀវ ទេសចរក្នុងស្រុក និង ក្រៅស្រុកឱ្យមកទស្សនា តំបន់នេះបើមិនដូច្នោះទេទឹកជ្រោះអូរធម្មជាតិ នេះនឹងក្លាយជាបរិស្ថានមិនល្អទៅថ្ងៃមុខជាក់ ជាមិនខាន ៕ |
រមណីយដ្ឋានធម្មជាតិទឹកជ្រោះអូរជាំ ជាប់ព្រំដែនកម្ពុជា-ថៃ
Posted by
Email:knewdaynews@yahoo.com
Wednesday, June 27, 2012