Friday, 29 June 2012 13:26 | |
រមណីយដ្ឋាន “កោះសង្សារ” ដែល ជា រមណីយដ្ឋាននៃកោះឯកជនមួយស្ថិតនៅ ប្រជុំកោះរុងនៃព្រះរាជាណាចក្រកម្ពុជា បាន ក្លាយទៅជាសណ្ឋាគារ និង រមណីយដ្ឋាន ដ៏ល្អ បំផុតគ្មានគូប្រៀប ។ ទេសភាពធម្មជាតិ ខ្សាច់សស្អាត ខ្យល់អាកាសបរិសុទ្ធ ព្រៃឈើដ៏ស្រស់បំព្រង និង សត្វមច្ឆាសម្បូរបែប ជាចំណុច ទាក់ទាញរបស់កោះសង្សារ រួមផ្សំជាមួយការច្នៃប្រឌិត តុបតែង ដ៏ប្រណីត និង ពោរពេញទៅដោយភាពទាក់ទាញ ។ សេវា ដឹកជញ្ជូនពីទីក្រុងព្រះសីហនុទៅកាន់កោះសង្សារចំណាយពេល តែ ៣៥ ទៅ ៤០ នាទី ដោយប្រើនាវាដែលមាន ល្បឿនលឿន និង ធានាសុវត្ថិភាព ។ សេវាដឹកជញ្ជូនភ្ញៀវទេសចរពីទីក្រុង ភ្នំពេញទៅកាន់ក្រុងព្រះសីហនុ ដោយប្រើរថយន្ត BMW 5 ស៊េរីដ៏ប្រណីត ដោយចំណាយពេលប្រមាណ ៥ ម៉ោង ។ “កោះសង្សារ” ជាកោះពីរតូចៗជាប់គ្នា ដែលកោះមួយ មានឈ្មោះថា កោះបង និង កោះមួយទៀតមាន ឈ្មោះថា កោះអូន ហើយពាក្យទាំងពីរបាននាំឱ្យមានឈ្មោះថា “កោះ សង្សារ” ។ “កោះសង្សារ”មាន ២៧ វីឡា ដែលបន្ទប់ទាំងឡាយ អាចមើលឃើញសមុទ្រ និង ព្រៃឈើនៅលើកោះ ។ ផ្ទះវីឡា នីមួយៗមានតម្លៃខុសគ្នា និង រៀបចំតុបតែងប្លែកៗ គ្នា ដោយប្រើសម្ភារៈ និង ឧបករណ៍ដ៏ទំនើបៗតាមស្តង់ដារ ជាសណ្ឋាគារកម្រិតកំពូលនៃពិភពលោក ។ មានអាងហែលទឹក មានស្ប៉ា-ម៉ាស្សា មានប្រព័ន្ធ Wi-fi មានមធ្យោបាយ បម្រើការរៀបមង្គលការ ការមុជ ទឹកមើលផ្កាថ្ម ។ បេះដូងនៃ“កោះសង្សារ”គឺជាភោជនីយដ្ឋានមួយដែលមានឈ្មោះថា Vista Restaurant & Bar ដែលស្ថិត នៅចំកណ្តាលនៃផ្ទះវីឡាសម្រាប់ស្នាក់នៅ ។ ភោជនីយដ្ឋាននេះបានសាងសង់ដោយអាចឱ្យភ្ញៀវមើលឃើញ ទិដ្ឋភាពនៃសមុទ្រ ៣៦០ អង្សា គឺថ្ងៃរះ និង ថ្ងៃលិច ។ តាមការរៀបរាប់ត្រួសៗ និង តាមរយៈរូបថតនេះ តើប្រិយមិត្តមានចំណាប់ អារម្មណ៍យ៉ាងណាដែរ ? ស្អាត អស្ចារ្យ ! រ៉ូមែនទិកណាស់ ! តែតម្លៃក៏គួរឱ្យ បះសក់ដែរ គឺមួយយប់មានចាប់ពី ១.០៤០ ដុល្លារ ទៅដល់ ៣.០០០ ដុល្លារ ក្នុង មួយបន្ទប់ ។ “កោះសង្សារ”ជាកោះឯកជនមួយដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុន បរទេសមួយវិនិយោគ ។ ក្រុមហ៊ុន ដែលវិនិយោគទុនស្ថាបនា “កោះ សង្សារ” នេះមានសាខាលក់នៅប្រ-ទេសអូស្ត្រាលី នៅប្រទេសឥណ្ឌា នៅ កោះតៃវ៉ាន់ នៅទីក្រុងហុងកុង នៅ ទីក្រុងសិង្ហបុរី នៅប្រទេសបារាំង នៅ ប្រទេសអង់គ្លេស និង នៅកម្ពុជា ៕Written by ភ្នំពេញដេលីញូវ |
កោះសង្សារសណ្ឋាគារ និង រមណីយដ្ឋានប្រណីតនៅកម្ពុជា
Posted by
Email:knewdaynews@yahoo.com
Saturday, June 30, 2012