កម្មភាពមួយនៃកម្មវិធីLet's Do it 2012 ដើម្បីប្រមូលមនុស្សឲ្យបានមួយម៉ឺននាក់
ចូលរួមសម្អាតទីក្រុងរបស់ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា(JCI)បានទៅដល់
ខេត្តកំពតហើយកាលពីថ្ងៃទី២៣ខែឧសភាបន្ទាប់ពីយុទ្ធនាការនេះបានធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញនៅ
វេលាម៉ោង៧ព្រឹកថ្ងៃទី២២ខែឧសភា។
កម្មវិធី«ជិះផងរើសផង»ដែលមានបំណងចង់បំផុសគំនិតស្នេហាបរិស្ថានមួយនេះត្រូវផ្តើមដំណើរ ចេញពីភោជ
នីយដ្ឋាន T&C សម្តេចប៉ានរាជធានីភ្នំពេញដោយធ្វើដំណើរឆ្លងកាត់ខេត្ត៤គឺខេត្តកណ្តាលតាកែវ កែបនិងកំពត
ដោយមានការចូលរួមពីអ្នកស្ម័គ្រចិត្តប្រមាណជិត៣០នាក់មកពីបណ្តា ក្រុមហ៊ុនអង្គការសាកលវិទ្យាល័យនិង
សាធារណជនមួយចំនួនទៀត។
លោក ធុច ចាន់ថុលមន្ត្រីទំនាក់ទំនងសាធារណៈរបស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI) និយាយថា
៖«កម្មវិធីរបស់យើងជាដំបូងនេះទទួលបានការចូលរួមច្រើន ហើយសង្ឃឹមថានឹងមានការចូលរួមច្រើនបន្ថែម
ទៀតនៅលើកក្រោយ»។
លោកបានបន្តថា៖ «នៅពេលនេះមានអ្នកស្ម័គ្រចិត្តចូលរួមប្រមាណជិត៣០នាក់ ហើយបានធ្វើដំណើរចេញពី
ភ្នំពេញ ឆ្ពោះទៅកាន់ខេត្តកំពត និយាយរួមគឺយើងធ្វើដំណើរឆ្លងកាត់ខេត្ត៤ កណ្តាល តាកែវ កែប និងកំពត»។
ដោយម្នាក់ៗសុទ្ធតែមិនមែនជាអ្នកមានជំនាញ ឬធ្លាប់ជិះកង់លើផ្លូវឆ្ងាយ តែលោក ធុច ចាន់ថុល បានបញ្ជាក់
ថា ពួកគេម្នាក់ៗសុទ្ធតែមានឆន្ទៈស្រឡាញ់ និងការពារបរិស្ថាន។
លោកបានបន្តថា៖ «ជិះផង រើសផង គឺយើងធ្វើដើម្បីបំផុសឲ្យប្រជាជនកម្ពុជាចេះស្រឡាញ់ និងថែរក្សាបរិស្ថាន
ជាពិសេសអប់រំមហាជនឲ្យមានការយល់ដឹងពីការចោលសំរាម ក្នុងទស្សនៈមួយ គឺការចាប់ផ្តើមពីបុគ្គលម្នាក់ៗ
ទើបគេអាចឈានទៅរកបរិស្ថានមួយដែលគ្មានសំរាម»។
បន្ថែមពីលើនោះ លោក ជី សិលា ប្រធានគម្រោង Let's Do it បានមានប្រសាសន៍ថា៖ «អ្វីដែលយើងធ្វើនៅ
ពេលនេះនិងកាលពីកន្លងមកគឺយើងចង់ឲ្យម្នាក់ៗមានបរិស្ថានក្នុងខ្លួនហើយសម្រាប់យុទ្ធនាការលើកនេះយើង
ជិះបណ្តើរ យើងរើសបណ្តើរ។ ពេលដល់ទីប្រជុំជននីមួយៗយើងនាំគ្នាចុះរើសសំរាម ពេលដែលពួកគាត់ឃើញ
យើងធ្វើបែបនេះ ពួកគាត់នឹងមានគំនិតមួយ ឬការអៀនខ្មាស ហើយពួកគាត់នឹងចាប់ផ្តើមស្រឡាញ់ភាពស្អាត
និងបរិស្ថានបន្តិចម្តងៗ។ យើងធ្វើបែបនេះ តាមទីប្រជុំជននីមួយៗរហូតដល់ខេត្តកំពតនេះ»។
លោកជីសិលាបានបញ្ជាក់ថា៖«យើងនឹងប្រមូលអ្នកស្ម័គចិត្តឲ្យបានច្រើនដើម្បីធ្វើការលើការងារបរិស្ថាននេះ»។
គួរបញ្ជាក់ថា កម្មវិធី Let's Do it មានកំណើតដំបូងនៅក្នុងប្រទេសអេស្តូនី ក្នុងឆ្នាំ២០០៨ហើយនៅពេលនេះ
មានប្រទេសចំនួន៩១ បានរួមគ្នាធ្វើកម្មវិធីនេះទូទាំងពិភពលោកដោយចាប់ផ្តើមនៅ ចន្លោះខែឧសភាដល់ខែ
កញ្ញា៕
(អត្ថបទដកស្រង់ចេញពីភ្នំពេញប៉ុស្តិ៍)