Written by ភ្នំពេញដេលីញូវ | |
Monday, 04 June 2012 13:17 | |
ប្រាសាទបុរាណមួយមានអាយុកាល រាប់រយឆ្នាំមកហើយ សង់ពីឥដ្ឋតាន់ ស្ថិតនៅក្នុងវត្ត បារាយណ៍ ឃុំបារាយណ៍ ស្រុកទ្រាំង ខេត្តតាកែវ ។ តាំងពីដើម រៀងមកពួកអ្នកស្រុកនាំគ្នាហៅ ឈ្មោះ ប្រាសាទនេះថា ប្រាសាទសក់ក្រអូប តែឥឡូវ មានឈ្មោះថ្មីមួយទៀតថា ប្រាសាទ ជបពល ស្របពេលកូនប្រាសាទនេះបានចូលជាសម្បត្តិបេតិកភណ្ឌខេត្ត នៅឆ្នាំ ២០១០ ។ ប្រាសាទបុរាណមួយនេះជាប់ទាក់ទងនឹងរឿងអាថ៌កំបាំងអប្បិយជំនឿប្លែកៗ និង រឿងរ៉ាវប្រវត្តិសាស្ត្រក្នុង អតីតកាលជាមួយស្តេច បាយ៉ង់ និង មហេសី ព្រះ នាង សក់ក្រអូប ។ ទីតាំងប្រាសាទសព្វថ្ងៃស្ថិតនៅខាងលិចជាប់នឹងព្រះវិហារវត្ត បារាយណ៍ ដែលមានដើមគគីរធំៗ និង គូទឹកព័ទ្ធជុំវិញ ។ ឆ្លងកាត់សម័យកាល ក្នុងភ្លើងសង្គ្រាមរាប់មិនអស់បានធ្វើឱ្យកំពូលប្រាសាទបាក់ធ្លាក់ សព្វថ្ងៃនៅសល់ តែតួប៉ុណ្ណោះ ។ ប្រាសាទសក់ក្រអូបនេះមានបណ្តោយលិចកើត ៧ ម៉ែត្រ ទទឹង ជើងត្បូង ៦ ម៉ែត្រ និង កម្ពស់ ៧ ម៉ែត្រ ដែលមានទ្វារចេញចូលនៅទិសខាងកើត ។ ចាស់ទុំប្រចាំតំបន់នេះតំណាលថា ប្រាសាទបុរាណមួយនេះមិនដឹងជាសាង ក្នុងសតវត្សរ៍ទីប៉ុន្មានទេ គ្រាន់តែដឹងថា កសាងក្នុងសម័យកាលស្តេច បាយ៉ង់ និង អគ្គមហេសី សក់ក្រអូប ។ នៅខាងក្នុងប្រាសាទមានរូងមួយខាងក្រោម ដីបត់បែន ប្រវែង ៣០ គីឡូម៉ែត្រ ទៅភ្ជាប់នឹងភ្នំជីសូរឯណោះ ។ កាលជំនាន់ស្តេច បាយ៉ង់ និង ព្រះនាង សក់ក្រអូប រូងខាងក្រោមដីនេះជាទីកន្លែងរៀបទ័ពមុនចេញទៅ ច្បាំង ។ កន្លងមកធ្លាប់មានព្រះសង្ឃធុតង្គមួយអង្គបាននិមន្តទៅភ្នំជីសូរ ដោយធ្វើ ដំណើរតាមរូងភ្នំក្រោមដីនេះប្រកបដោយសុវត្ថិភាព ។ នៅក្នុងរូងនោះព្រះអង្គ មានថេរដីកាប្រាប់ថា ងងឹតដូចយប់ កន្លែងខ្លះមានទឹកដក់ត្រឹមស្មងជើង និង មាន សត្វអាសិរ្ពិសតូចធំរស់នៅក្នុងនោះទៀតផង ។ លុះមកដល់របប ប៉ុល ពត មាត់រូងក្នុងប្រាសាទត្រូវគេចាក់ស៊ីម៉ងត៍បិទ សន្ធប់ជិត ប៉ុន្តែសព្វថ្ងៃនេះអ្នក ស្រុកខ្លះមិនហ៊ានចូលទៅក្នុងប្រាសាទនោះឡើយ ។ ពីដើមព្រះបាទ បាយ៉ង៉់ និង ព្រះនាង សក់ក្រអូប គង់នៅ ក្នុងប្រាសាទនេះ ហើយ តែងត្រាច់ចរពួកទ័ព និង រេហ៍ពលសេនាតាមរូងក្រោមដីទៅភ្នំជីសូរ ។ ជារៀង រាល់ថ្ងៃ ១៣ , ១៤ និង ១៥ កើត ខែកត្តិក ប្រជារាស្ត្រតែងរៀបចំពិធីបុណ្យ ប្រណាំងទូកប្រចាំឆ្នាំនៅក្នុងទន្លេមួយស្ថិតនៅខាងកើតប្រាសាទក្រោមអធិបតី-ភាពដ៏ខ្ពង់ខ្ពស់នៃស្តេច បាយ៉ង់ និង ព្រះនាង សក់ក្រអូប ។ សព្វថ្ងៃកន្លែងដែល ប្រណាំងទូកនោះអ្នកស្រុកហៅថា ទន្លេអុំ តែមានទឹកតែនៅខែវស្សាប៉ុណ្ណោះ លុះរដូវប្រាំងត្រូវក្លាយជាដីគោក ។ នៅខាងត្បូងប្រាសាទមានកូនភ្នំមួយដែល រាល់ថ្ងៃខែដាច់ និង ពេញបូណ៌មី ស្តេច បាយ៉ង់ តែងទៅកោរសក់នៅទីនោះ ។ ទីកន្លែងនោះអ្នកស្រុកនាំគ្នាហៅថា ភ្នំបាយ៉ង់កោរ តែក្រោយមកអ្នកភូមិជុំវិញ តែងនាំគ្នាកាប់គាស់ទម្លាយភ្នំនោះយកដីទៅចាក់ធ្វើភូមិសង់ផ្ទះ ។ ឥឡូវភ្នំនោះ ត្រូវរាបអស់ក្លាយទៅជាទួលតូចមួយ ហើយគេនាំគ្នាហៅថា ទួលបាយ៉ង់កោរ វិញ ។ ដោយព្រះចៅអធិការវត្តព្រះនាម អ៊ូ សុវណ្ណឌី និមន្តទៅភ្នំពេញ ទើបលោក យាយ សង ជាដូនជីនៅវត្តបារាយណ៍ នេះរៀបរាប់អំពីប្រាសាទថា ប្រាសាទ សក់ក្រអូបនេះបានចូលជាសម្បត្តិបេតិកភណ្ឌខេត្តនៅឆ្នាំ ២០១០ ដោយទទួល បានឈ្មោះថ្មីមួយទៀតថា ប្រាសាទជបពល ។ កាលលោកយាយនៅក្មេងតែង មកឃ្វាលគោឱ្យស៊ីស្មៅ នៅជុំវិញប្រាសាទតែងឃើញអ្នកត្រង់បង្ហាញខ្លួនជាញឹកញាប់ ។ ភាគច្រើនអ្នកត្រង់នោះមានភិនភាគជា ដូនចាស់ឯកសណ្ឋានអាវជ្រៅ បួងសក់ក្បាល ដៃម្ខាងយួរកន្ត្រកស្លា និង ដៃម្ខាងទៀតកាន់តាំងយូបាំង ។ ដូន ចាស់ចម្លែកនោះតែងសួរ លោកយាយ និង ក្មេងៗឃ្វាលគោឯទៀតថា ផ្លូវណា ទៅភ្នំជីសូរ ប៉ុន្តែក្មេងៗទាំងនោះគ្រវីក្បាលឆ្លើយថា មិនស្គាល់ឡើយ ។ មួយ សន្ទុះដូនចាស់នោះក៏ដើរចូលក្នុងប្រាសាទចុះទៅក្នុងរូងក្រោមដី ហើយអ្នកស្រុក យល់ថា ដូនចាស់នោះ គឺជាអ្នកត្រង់បង់បត់ ។ លោកយាយ សង ប្រាប់ទៀតថា កាលមាត់រូងមិនទាន់បិទ រៀងរាល់ថ្ងៃ សីលឱ្យតែដល់ថ្ងៃត្រង់តែង មានពស់ត្បាល់ ពស់អង្រែប៉ុនមនុស្សធំចេញមកឱ្យ អ្នកស្រុកឃើញជាប្រចាំ ។ មកដល់សម័យ ប៉ុល ពត ពស់ដ៏ធំមួយ ក្បាលត្រូវគេ សម្លាប់យកទៅធ្វើជាអាហារ ។ ចំណែកមនុស្ស ១០៨ នាក់ ដែលបានស៊ីសាច់ ពស់នោះ បន្ទាប់ពីស៊ីហើយត្រូវចុកញេះរាកមួលប្រកាច់ប្រកិនស្លាប់គ្មានសល់ ម្នាក់ឡើយ ។ លោកយាយ សង បញ្ជាក់ថា រូងក្រោមដីក្នុងប្រាសាទនេះមនុស្សយើង ធម្មតាមិនហ៊ានចូលឡើយ លុះត្រាតែ មនុស្សកាន់សច្ចៈទៀងត្រង់ទើបចូលទៅ បានដោយពុំមានគ្រោះថ្នាក់ ។ ប្រាសាទសក់ក្រអូប ឬ ជបពល សព្វថ្ងៃថែរក្សា ដោយបារមីលោកយាយ សុខ ដែលមានឫទ្ធិអំណាចខ្លាំងពូកែស័ក្តិសិទ្ធិ ។ ជុំវិញប្រាសាទពីដើមមានបារាយណ៍ទឹកថ្លាព័ទ្ធជុំវិញ និង មានត្រឹបដុះលើ ទឹកក្រាស់ឃ្មឹក ទោះបីដើរជាន់ មិនលិចឡើយ ហើយជាទីលំនៅនៃត្រីអណ្តែង និង អន្ទង់សទៀតផង ។ អ្នកមីង ង៉ែត ឡាត់ បានមានប្រសាសន៍ឱ្យដឹងដែរថា ប្តីរបស់គាត់ធ្វើ អាចារ្យវត្តបារាយណ៍នេះ ហើយគាត់ អាចដឹងប្រវត្តិប្រាសាទនេះបានខ្លះៗដែរ ។ ទំនៀមទម្លាប់ពីដើមមក អ្នកស្រុកតែងនិយមហៅថា ប្រាសាទ សក់ក្រអូប ប៉ុន្តែ សព្វថ្ងៃនៅក្នុងឯកសារមន្ទីរវប្បធម៌ខេត្តមានឈ្មោះផ្លូវការថា ប្រាសាទជបពល ។ ទឹកដីជុំវិញប្រាសាទនេះ ហើយជាភ្នំបាយ៉ង់កោរចាស់ តែក្រោយមកស្តេច បាយ៉ង់ និង ព្រះនាង សក់ក្រអូប ផ្លាស់ប្តូរទៅគង់នៅភ្នំមួយ ឯស្រុកគិរីវង់វិញ ដោយកសាង ប្រាសាទនៅទីនោះច្រើន ។ ភ្នំនោះក៏ជាប់ឈ្មោះជាភ្នំបាយ៉ង់កោរដែររហូតមកទល់ ឥឡូវនេះ ប៉ុន្តែមានគេស្គាល់ជាផ្លូវការច្រើនជាងនៅវត្តបារាយណ៍យើងនេះ ។ អ្នកមីងឱ្យដឹងទៀតថា កាលគាត់នៅក្មេងនាជុំវិញប្រាសាទ និង តាមមាត់ ស្រះសុទ្ធតែដើមបាយ៉ង់ ចេញឫសធំៗចោលស្រមោលនៅក្នុងទឹកថ្លាដូចកញ្ចក់ ។ គាត់តែងទៅអង្គុយលេងលើឫសឈើនោះក្បែរមាត់ទឹក គយគន់ប្រាសាទបុរាណ ចងក្រងបានជាអនុស្សាវរីយ៍មួយដែលមិនអាចបំភ្លេច ។ នៅក្នុងស្រះទឹកជិត ប្រាសាទ ពីដើមព្រះចៅអធិការមានចិញ្ចឹមក្រពើដ៏ធំមួយក្បាល តែបន្ទាប់ពីក្រពើ នេះខាំមនុស្សស្លាប់ម្នាក់ អ្នកស្រុកក៏នាំគ្នា សម្លាប់ក្រពើនោះវិញ ។ ត្រង់ចំណុចនេះមានមតិខ្លះនិយាយផ្ទុយពីអ្នកមីង ង៉ែត ឡាត់ ថា ក្រពើមួយ ក្បាលនេះមានផ្កាយសនៅលើ ក្បាល មានបារមីថែរក្សា មានទំនាក់ទំនងជាមួយ ប្រាសាទសក់ក្រអូបដែរ ។ ក្រពើនេះកាចខ្លាំងណាស់ គេចងច្រវាក់នៅមួយកន្លែង តែបន្ទាប់ពីខាំមនុស្សលេបចូលទៅក្នុងញេះវាក៏ស្ទុះរើដាច់ច្រវាក់ឡើងទៅសំងំ ក្នុងទន្លេអុំខាងកើតប្រាសាទ ។ អ្នកស្រុក និង ក្រុមគ្រួសារអ្នកស្លាប់បានរៀបចំ គ្រឿងតង្វាយផ្សេងៗ និង ប្រគំភ្លេងពិណពាទ្យនៅមាត់ទន្លេ បួងសួងម្ចាស់ទឹក ម្ចាស់ដីដើម្បីសុំចាប់ក្រពើ ។ នៅពេលកំពុងធ្វើពិធីបួងសួង ក្រពើនោះមិនព្រម ឱ្យចាប់ឡើយ គ្រាន់តែងើបក្បាលកណ្តាលទឹកទន្លេឱ្យឃើញប៉ុណ្ណោះ ។ លុះមក ដល់សព្វថ្ងៃនេះក្រពើនោះមិនដឹងជាទៅរស់នៅទីណាឡើយ ទោះបីទឹកទន្លេរីង គោកក៏មិនឃើញដែរ ។ សព្វថ្ងៃទោះបីក្រពើនោះបាត់ខ្លួនពិតមែន ប៉ុន្តែនៅក្បែរមាត់ស្រះជិត ប្រាសាទគេបានកសាងរូបចម្លាក់ក្រពើហាមាត់តំណាងឱ្យក្រពើដែលបាត់ទៅដើម្បី ថ្វាយបារមីដែលថែរក្សានៅទីនេះវិញ ៕ |